ពលរដ្ឋ​សង្កាត់​ឃ្មួញ​តវ៉ា​នៅ​មុខ​សាលា​ខណ្ឌ​សែនសុខ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី

ប្រជាពលរដ្ឋ​រាប់​សិប​នាក់ បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខណ្ឌ​សែនសុខ ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់។ ការ​ប្រមូល​ផ្តុំ​គ្នា​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ ៩ និង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៧ ធ្នូ បន្ទាប់​ពី​មន្ត្រី​សាលា​ខណ្ឌ​សែនសុខ សន្យា​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់។

ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជាង ៦០​នាក់ បាន​ចូល​ជួប​មន្ត្រី​សាលា​ខណ្ឌ​សែនសុខ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​នានា ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់។

ប្រជាពលរដ្ឋ​ជិត ៣០០​គ្រួសារ ទាមទារ​ដី​ផ្សារ​ទំហំ​ជាង ២​ពាន់​ម៉ែត្រ​ការ៉េ (២.១១៤​ម៉ែត្រ​ការ៉េ) នៅ​ក្នុង​ភូមិ​ត្រពាំងចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ជាយ​រាជធានី​ភ្នំពេញ មក​ធ្វើ​ជា​កម្មសិទ្ធិ​សមូហភាព។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងចាស់ លោក សឹង ហាយ អះអាង​ថា ការ​ទាមទារ​ដី​នេះ​ជា​របស់​សមូហភាព គឺ​ដើម្បី​យក​ដី​នេះ​ទៅ​លក់​បាន​ថវិកា​មក​អភិវឌ្ឍ​សហគមន៍​ដោយ​ខ្លួន​ឯង៖ «»។

ពលរដ្ឋ​កំពុង​មាន​បញ្ហា​ទំនាស់​ដី​ធ្លី​ជាមួយ​អ្នក​រក​ស៊ី​ម្នាក់​ឈ្មោះ​លោក ផាត់ សេង ដែល​បាន​ទិញ​ដី​ផ្សារ​ទំហំ​ជាង ២​ពាន់​ម៉ែត្រ​ការ៉េ (២.៣៤៤​ម៉ែត្រ​ការ៉េ) និង​ដី​ស្រះ​ទំហំ​ជាង ២​ពាន់​ម៉ែត្រ​ការ៉េ (២.១១៤​ម៉ែត្រ​ការ៉េ) ផ្សេង​ទៀត​ពី​ប្រជាពលរដ្ឋ កាល​ពី​ឆ្នាំ​២០០៨។

អតីត​តំណាង​ពលរដ្ឋ​ភូមិ​ត្រពាំងចាស់ លោក ហែន សារ៉ែន បញ្ជាក់​ថា កាល​នោះ លោក ផាត់ សេង បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​តែ​ចំពោះ​ដី​ស្រះ​តែ​ប៉ុណ្ណោះ គឺ​ក្នុង​ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ថវិកា ១៥០​ដុល្លារ​អាមេរិក។ ចំណែក​ដី​ផ្សារ​វិញ លោក ផាត់ សេង បាន​ចេញ​កិច្ចសន្យា​ឈប់​ទទួល​ទិញ​ដី​ផ្សារ និង​ប្រគល់​ដី​នេះ​ជូន​តំណាង​ពលរដ្ឋ​ចាត់​ចែង​វិញ​នៅ​ឆ្នាំ​២០០៩។

ដោយ​គិត​ថា ដី​ផ្សារ​នៅ​តែ​ជា​កម្មសិទ្ធិ​សមូហភាព ប្រជាពលរដ្ឋ​បាន​សម្រេច​លក់​ដូរ​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ​ដទៃ​ក្នុង​តម្លៃ ៨​ម៉ឺន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ ស្រាប់​តែ លោក ផាត់ សេង ចេញ​មុខ​មក​អះអាង​ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​លោក និង​អម​ដោយ​ដីកា​រក្សា​ការពារ​ចេញ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​លក់​ដូរ​ដី​នេះ​ជា​ដាច់​ខាត​ទៅ​វិញ។

លោក ផាត់ សេង មិន​បាន​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលា​សង្កាត់ និង​ខណ្ឌ​រួច​រាល់​ហើយ៖ «»។

ទាក់ទង​នឹង​សំណើ​របស់​ពលរដ្ឋ​នេះ តំណាង​អភិបាល​ខណ្ឌ​សែនសុខ លោក ឆាយ វ៉ាន បាន​ថ្លែង​ប្រាប់​ក្រុម​ពលរដ្ឋ​ថា លោក​នឹង​រាយការណ៍​ទៅ​ថ្នាក់​លើ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ៖ «»។

ចំណែក​ចៅ​សង្កាត់​ឃ្មួញ លោក សួង ម៉ុក ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ដែរ​នោះ បាន​អះអាង​ថា អាជ្ញាធរ​សង្កាត់​គាំទ្រ​ចំពោះ​សំណូមពរ​របស់​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​របស់​លោក មិន​មាន​ការ​ឃុបឃិត​ណា​មួយ​ជាមួយ​ឈ្មួញ ដើម្បី​រំលោភ​យក​ដី​ពលរដ្ឋ​នោះ​ឡើយ៖ «»។

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងចាស់ សង្កាត់​ឃ្មួញ អះអាង​ថា ពួក​គេ​នឹង​ឡើង​មក​តវ៉ា​នៅ​ថ្នាក់​រាជធានី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ បើ​សិន​ជា​អាជ្ញាធរ​ខណ្ឌ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ជូន​ពួក​គាត់​ទេ​នោះ។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​ចង់​ឃើញ​អាជ្ញាធរ​ចុះ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ពួក​គាត់ ដែល​កំពុង​ជួប​ប្រទះ ដូចជា​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត​ល្អ មិន​មាន​ផ្សារ និង​គ្មាន​ការ​អភិវឌ្ឍ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។