លោក សម រង្ស៊ី ថា តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ លើក​ឡើង​ថា តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន លោក តាម​បណ្ដឹង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នោះថា ជា​រឿង​ប្រមាថ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំពូលៗ រួម​ទាំង​ព្រះមហាក្សត្រ​ផង

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី៦ ធ្នូ ដោយ​ចាត់​ទុក​ករណី​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​លោក​នេះ​ថា ជា​រឿង​កំប្លែង​នយោបាយ។

លោក សម រង្ស៊ី បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៤ លោក​បាន​ទៅ​ចូលរួមពិធី​សច្ចាប្រណិធាន​នៅព្រះបរមរាជវាំង មុន​នឹង​ចូល​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រជាប់​ឆ្នោត។ ពិធី​សច្ចា​ប្រណិធាននោះ បាន​ធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតី នៃ​ព្រះមហាក្សត្រ ក្នុង​នោះ​ក៏​មាន​វត្តមាន​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.ដែរ។

លោក បញ្ជាក់​ថា ឥស្សរជន​កំពូល​ទាំងអស់​នោះ ជា​តំណាង​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​វិស័យ​ទូទាំង​ប្រទេស បាន​ទទួល​ស្គាល់​លោកជា​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត តាមរយៈ​ការ​ចូល​រួម​របស់​ពួកគេ​ក្នុង​ពិធី​សច្ចាប្រណិធាន​ជា​ឱឡារិក​នោះ។

ក៏​ប៉ុន្តែ​ជា​រឿង​គូរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ពេល​តុលាការ និង​រដ្ឋសភា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ដោយ​អះអាង​ថា លោក​មិន​បាន​ជាប់ឆ្នោត​ជាតំ​ណាង​រាស្ត្រទេ ពី​ព្រោះ​លោក​ជា "ទណ្ឌិត" តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ។ លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ការ​ចេញ​ដីកា​ដោយ​ចោទ​ប្រកាន់​លោក ជា​ទណ្ឌិត បែប​នេះ គឺ​ជា​ការ​អះអាង​យ៉ាង​ងងើល ប្រមាថ​មើលងាយ ឥស្សរជន​កំពូលៗ​ទាំងអស់ ដែល​បាន​ចូលរួម ពិធី​សច្ចាប្រណិធាន កាល​ពី​ថ្ងៃ​ទី​ខែ​សីហា ឆ្នាំ​២០១៤

ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ផ្ទួនៗ ក្រៅ​ពី​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​តាម​បណ្ដឹង លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍​នោះ។

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​បាន​ចេញ​ដីកា​ចំនួន​ពីរ​ទៀត ប្រឆាំង​នឹង​លោក សម រង្ស៊ី គឺ ទី១ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ប្ដឹង​លោក សម រង្ស៊ី ពី​បរិហារកេរ្តិ៍។ ដីកា​កោះហៅ​មួយ​ទៀត គឺ តុលាការ​ចោទប្រកាន់​លោក សម រង្ស៊ី ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះ​ញង់​​បង្ក ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ទ្ធ​និង​សំណុំ​រឿង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។