ប៉ូលិស ចាប់​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​ហើយ​

ភ្នំពេញ: ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ ប៉ូលិស​ចរាចរណ៍​ផ្លូវគោក នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដើម្បី​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ នៅពេល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ  ប៉ូលិស​ក៏​ចាប់ផ្តើម​វិធានការ​ផាកពិន័យ​លើ​ករណី​អ្នកបើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ និង​អ្នក​បើកឡាន មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ជាដើម​។ ទឹកប្រាក់​ផាកពិន័យ ទាប​បំផុត ចាប់ពី ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស មាន​ជាអាទិ តាម​គោលដៅ​ដើមទី ចំណត​យាន្ត​យន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ​ជញ្ជីង សាលាបង្រៀន​បើកបរ យានដ្ឋាន ជួសជុល​កែច្នៃ​... និង​តាម​ដងផ្លូវ​នានា ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឹងម៉ាត់ តាម​ខ្លឹមសារ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចំពោះ​ករណី​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង មិន​ពាក់មួក ខ្សែក្រវ៉ាត់ ការផ្ទុក​ទំនិញ​សំពីងសំពោង យានយន្ត​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​... ។​ល​។​

​វិធានការ​ខាងលើនេះ ត្រូវបាន​កំណត់​ក្នុង​សេចក្តីជូនដំណឹង ស្តីពី ការពង្រឹង​វិធានការ​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា "​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ យល់ឃើញថា រយៈពេល​នៃ​ការផ្សព្វផ្សាយ អប់រំ លើក​កំពស់​ការយល់ដឹង​ខ្លឹមសារ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​ការធ្វើ​ចរាចរណ៍​ផ្លូវគោក សមល្មម​ឈានដល់​ពេលវេលា​មួយ តម្រូវ​ឲ្យ​អនុវត្ត​ច្បាប់ សំដៅ​ធ្វើ​ឲ្យ​សភាពការណ៍​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​សាធារណៈ មានការ​វិវត្តន៍​ប្រែប្រួល​ថ្មី ជាពិសេស ការកាត់បន្ថយ​គ្រោះថ្នាក់ និង​ភាព​កកស្ទះ​ចរាចរណ៍​"​។​

​សូម​រម្លឹកថា ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រកាស​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥​។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេច​កសាង​នូវ​លិខិតបទដ្ឋាន​គតិ​យុ​ត្តិ​មួយចំនួន​បន្ថែមទៀត សំដៅ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នា​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយមាន​ការគាំទ្រ​ចូលរួម​សហការ​ពី​បណ្តា​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​នានា បាន​ជំរុញ​ការឃោសនា​អប់រំ​ប្រជាជន មហាជន ឲ្យ​យល់ដឹង និង​ចូលរួម​គោរព​ច្បាប់ សំដៅ​ដោះស្រាយ​ស្ថានភាព​ចរាចរណ៍ ឲ្យ​បាន​ប្រសើរ​។​

​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ការកំណត់​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ បានកំណត់​ពី​ការផាកពិន័យ ដូចជា ករណី​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ជាដើម​នោះ ត្រូវ​ពិន័យ​ជា​ប្រា​ក់ទាប​បំផុត ចាប់ពី ១៥.០០០ រៀល រហូតដល់​ដល់ ១២៥.០០០ រៀល​។ ក្រៅពីនោះ ករណី​បើកបរ​មិនមាន​ប័ណ្ណបើកបរ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ជាដើម ក៏ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ថែមទៀត​៕​

ប៉ូលិស ចាប់​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​ហើយ​

ប៉ូលិស ចាប់​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​ហើយ​