ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦​ដោយ​គ្មាន​សំឡេង​បក្ស​ប្រឆាំង

ព្រឹទ្ធសភា បានពិនិត្យ​និង​អនុម័តច្បាប់​ថវិកា​ជាតិ​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៦ ដែល​មាន៥​ជំពូក និង​១៦​មាត្រានោះហើយ នៅ​ថ្ងៃ​ទី​៧ ធ្នូ ដោយ​គ្មាន​កែប្រែ​អ្វី​ឡើយ ទោះបីជា​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថាច្បាប់នេះ​មិន​សូវ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ក្ដី។

សមាជិកព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ លោក ម៉ម ប៊ុននាង ថ្លែង​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​នេះ បាន​ឯកភាព​ទាំងស្រុង ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​ចំនួន ៤៦​រូប ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី ៧​រូប​ធ្វើ​ពហិការ និង​៤​រូប​ទៀត​មក​ចូលរួម។

កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ដោយ​​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ចំនួន​៦៦​សំឡេង និង​គ្មាន​វត្តមាន​ពី​បក្ស​ប្រឆាំង​ដូចគ្នា។ ហើយ​ពេល​នោះ​ទាំង​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​ដល់​ច្បាប់​នេះ ដូចជា​ការ​ខ្វះ​តម្លាភាព ការ​កើន​ឡើង​នៃ​ចំណាយ និង​បំណុល​បរទេស​ជាដើម។

យ៉ាង​ណា​ក៏​ដោយ លោក ម៉ម ប៊ុននាង អះអាង​ថា គម្រោង​អភិវឌ្ឍន៍​ក្នុង​ច្បាប់​គ្រប់គ្រង​ថវិកា​ឆ្នាំ​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៥​ទៀត៖ «បើ​សិន​ការ​អនុវត្ត​អ៊ីចឹងៗ​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់ នោះ​ជា​ការ​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​យើង ដើម្បី​កំណើន​សេដ្ឋកិច្ច យើង​គិត​មើល​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធ្លាក់​មក​ចុះ​ត្រឹម​តែ​១៣.​៥​ភាគរយ ចឹង​គឺថា​យើង​ល្អ​ណាស់ ទី​១ យើង​បាន​លុប​បំបាត់​យក​ពន្ធ ទៅ​លើ​យានយន្ត​មួយ​ចំនួន រ៉ឺម៉ក ម៉ូតូ និង​ការ​លក់​ដូរ​តូចតាច​ផង​ដែរ»

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៦ មាន​ចំនួន​ជិត ៤៣លាន​ដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះ​ កើន​ប្រមាណ ១៦,១ភាគរយ បើ​ប្រៀបធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក ខណៈ​ដែល​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៤ មាន​ទឹក​ប្រាក់​តែ​ជាង ៣​ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។