អតីត​កងកម្លាំងប្រដាប់អាវុធ​ចូលនិវត្តន៍ ១៦៩ គ្រួសារ នឹង​ចាប់ឆ្នោត​ជ្រើស​រើសយក​លេខ​ដីឡូត៍​សម្បទាន​ដី​សង្គមកិច្ច​

ភ្នំពេញ: ប្រជាពលរដ្ឋ ចំនួន ១៦៩ គ្រួសារ ដែលជា​អតីត​កងកម្លាំងប្រដាប់អាវុធ​ចូលនិវត្តន៍ បាត់បង់​សមត្ថភាព​ការងារ ពិការ និង​គ្រួសារ​ពលី មរណៈ នឹងធ្វើ​ការចាប់​ឆ្នោត​ជ្រើស​រើសយក​លេខ​ដីឡូត៍​លំនៅឋាន និង​លេខ​ដីឡូត៍​កសិកម្ម ក្នុង​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច រយៈពេល​១​ថ្ងៃ ចាប់ពី​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ទីតាំង​ដី​ផ្ទាល់ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​រតនគិរី លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រើប្រាស់​និង​បែងចែក​ដី​ថ្នាក់​ខេត្ត បាន​ជម្រាប​មក​លោក លោកស្រី ជា​ប្រជាពលរដ្ឋ​១៦៩​គ្រួសារ ដែល​បានជ្រើសរើស​នៅ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ ដោយ​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​កំណត់​អត្តសញ្ញាណ​កងកម្លាំងប្រដាប់អាវុធ​ចូលនិវត្តន៍ ចូល​បាត់បង់​សមត្ថភាព​ការងារ ពិការ និង​គ្រួសារ​យុទ្ធជន​ពលី មរណៈ និង​បាន​ស្នើសុំ​ទៅ​រស់នៅក្នុង​ខេត្តរតនគិរី ជ្រាបថា គណៈកម្មាធិការ​សម្បទា​ន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​ជ្រើស​រើសយក​លេខ​ដីឡូត៍​លំនៅឋាន និង​លេខ​ដីឡូត៍​កសិកម្ម នៃ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ រយៈពេល​១​ថ្ងៃ ចាប់ពី​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ទីតាំង​ដី​ផ្ទាល់ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ អាស្រ័យហេតុនេះ សូម​លោក លោកស្រី មកជួបជុំ​គ្នា​នៅ​ទីតាំង​ដី​ផ្ទាល់​ខាងលើ ចាប់ពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ​ឈ្មោះ ចុះ​វត្តមាន និង​ទទួលបាន​ការណែនាំ​អំពី​របៀប​នៃ​ការចាប់​ឆ្នោត ដោយ​ត្រូវ​មក​មកជា​មួយ​នូវ​ឯកសារ​សម្គាល់​ខ្លួន​ដែលមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណគ្រួសារ សៀវភៅ​ស្នាក់នៅ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​ត្រូវ​មក​ចាប់ឆ្នោត​ដោយ​ខ្លួនឯង​ផ្ទាល់​។​

​គណៈកម្មាធិការ​ប្រើប្រាស់​និង​បែងចែក​ដី​ខេត្តរតនគិរី សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក លោកស្រី ដែល​បាន​ស្នើសុំ​ដី​ខាងលើ នឹង​មក​ចូលរួម​តាម​ពេលវេលា និង​ទីកន្លែង​កំណត់​ខាងលើ​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

អតីត​កងកម្លាំងប្រដាប់អាវុធ​ចូលនិវត្តន៍ ១៦៩ គ្រួសារ នឹង​ចាប់ឆ្នោត​ជ្រើស​រើសយក​លេខ​ដីឡូត៍​សម្បទាន​ដី​សង្គមកិច្ច​