ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ (C/O)

ភ្នំពេញ: នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការបង្ហាញ​ពី​ទម្រង់​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ថ្មី​។​

​នាឱកាស​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Allassane Sow ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា តំណាង​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​អង្គការ EUROCHAM, AMCHAM សភាពាណិជ្ជកម្ម​កម្ពុជា សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) ធនាគារ​ពាណិជ្ជកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​វិស័យ​ឯកជន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អ្នកចូលរួម​សន្និសីទ​ទាំងអស់ និង​សាធារណជន​អំពី​អត្ថប្រយោជន៍ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ដូចខាងក្រោម​៖

- កាត់បន្ថយ​ការចំណាយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន​ពី​៥-៦​ថ្ងៃ មក​នៅត្រឹមតែ​រយៈពេល ១ ម៉ោង​។​
- ផ្លាស់ប្តូរ​ការចុះបញ្ជី​ពី​ការប្រើ​ក្រដាស​ស្នាម ទៅជា​ការចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង​។​
- កាត់បន្ថយ​ការជួប​មុខ​ដោយផ្ទាល់​រវាង​មន្ត្រី​ក្រសួង និង​អ្នកដាក់ពាក្យសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​។​
- អនុញ្ញាត​ឲ្យ​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម ធ្វើការ​ចុះឈ្មោះ​ក្រុមហ៊ុន​ពី​ទីកន្លែង​ណាមួយ​ក៏បាន នៅក្នុង​ប្រទេស​ក៏ដូចជា នៅក្នុង​ពិភពលោក​ទាំងមូល ដោយ​មិនចាំបាច់​មកកាន់​ក្រសួងពាណិជ្ជកម្ម​។​
- អនុញ្ញាត​ឲ្យ​បង់ប្រាក់​សេវា​នៃ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​
- អនុញ្ញាត​ឲ្យ​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី អាច​បោះពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយ​ខ្លួនឯងបាន​។​
- ធ្វើ​សម​កាល​កម្ម ឬ​ការបញ្ចូល​គ្នា​នូវ​មូលដ្ឋាន​ទិន្នន័យ​ជាមួយ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ដទៃទៀត​។​
- សម្រួល​ដល់​ការស្រាវជ្រាវ​ព័ត៌មាន​សាធារណៈ របស់​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​រួច​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ អញ្ជើញ​ចុះឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន​សារ​ឡើងវិញ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​តាម​អន​ឡាញ នៅត្រឹម​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​២០១៦ ។​

​ក្រសួង​នឹង​ចេញ​សេចក្តីណែនាំ​ជម្រាបជូន​លោកអ្នក​នាពេលខាងមុខ​នេះ ហើយ​ការចុះបញ្ជី​សារ​ឡើងវិញ របស់លោក​អ្នកនេះ នឹង​ជួយ​ដល់​ការបញ្ចូល​ទិន្នន័យ​បន្ថែម ទៅក្នុង​បញ្ជី​អន​ឡាញ​នៅក្នុង​ទម្រង់ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ថ្មី​។​

​ក្រសួង​នឹងមាន​ផ្តល់ជូន​សេវា​ចុះបញ្ជី​សារ​ឡើងវិញ ដោយ​គិត​កម្រៃ​សេវា​ទាប​ផងដែរ ហើយ​ព័ត៌មាន​នេះ នឹងត្រូវ​ប្រកាសជូន​ដំណឹង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​យើងខ្ញុំ​ផងដែរ​៕​

ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ (C/O)

ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ (C/O)

ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ (C/O)