ហ៊ី​ណូ​ដឹក​ដី​បុក​កិន​ម៉ូតូ​គុប​មូល ស្លាប់​ម្នាក់ របួសស្រាល​២​នាក់​នៅ​ភ្នំពេញ​ថ្មី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​២​នាក់​ទៀត​រង​របួសស្រាល ដោយ​បាន​លោត​ចេញពី​ម៉ូតូ​ទាន់​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​ដឹក​ដី​ដឹក​ថ្មី​ម៉ាក​ហ៊ី​ណូ​បុក​ម៉ូតូ​គុប​មូល​ពីក្រោយ​ហើយ​រអិល​ថយ​ក្រោយ​កិន​បន្ថែម​ទៀត​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ នៅ​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫ​ទ្ធី​កែង​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ កុសល អាយុ​៣២​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណត់​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ព្រៃ​ពត ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ-៨៩៧២ ស​.​រ​១ ជិះ​គ្នា​៣​នាក់ ចំណែក​២​នាក់​បាន​រង​របួសស្រាល ដោយ​បាន​លោត​ចេញពី​ម៉ូតូ​ទាន់ រីឯ​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​ណូ មាន​ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧០៤៥ បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រួ​ឡាន​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កើតហេតុ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ដឹក​ដី​ធុន​ធំ​ម៉ាក​ហ៊ី​ណូ​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​ឫ​ទ្ឋី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​មក​កន្លែង​កើតហេតុ​ក៏​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​គុប​មូល ពណ៌​ទឹកប៊ិច​ពីក្រោយ​បណ្តាល​អោយ​ម៉ូតូ​ដួល ហើយ​ខណៈ​ពេល​នោះ​ដោយសារ​ផ្លូវ​ឡើង​ទួល​រថយន្ត​ក៏​រអិល​ថយក្រោយ​វិញ​កិន​បុរស​អ្នក​បើក​ម៉ូតូ​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ភ្លាម​ៗ​នោះ​ទាំង​អ្នកបើកបរ​រថយន្ត និង​ព្រូឡាន​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ដោះស្រាយនៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕