សុំ​ឡើង​គ្រែ​មិនបាន ជា​មូលហេតុ​ផ្តាច់​ស្នេហ៍​ពី​នាង​ខ្ញុំ​ឬទេ ?

​ចាប់ពី​ព្រឹក​ដល់​ថ្ងៃត្រង់​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ជាង ដប់​ដង​មករក​នាង​ខ្ញុំ តែ​មិនបាន​និយាយ​អ្វី​ច្រើន​នោះទេ គាត់​គ្រាន់តែ​សួរថា «​អូន​នៅឯណា កំពុង​ធ្វើ​អ្វី នៅ​ជាមួយ​អ្នកណា​» ឬ «​មាន​មនុស្ស​ប្រុស​អត់​» ? ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​គាត់​បែរជា​មិន​និយាយរ​កនាង​ខ្ញុំ ក្រោយពី​សុំ​ឡើង​គ្រែ​មិនបាន​សម្រេច ។ យើង​បាន​ស្គាល់គ្នា​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ ។ យើង​ស្គាល់គ្នា ដោយ​ចៃដន្យ​ពេលនោះ​គាត់​គឺជា​មនុស្ស​ដែលមាន​ការ​រាក់ទាក់​រីករាយ​ងាយ​នឹង​រាប់អាន ដោយសារ​មូលហេតុ​នេះហើយ​បានជា​នាង​ខ្ញុំ​ត្រូវ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់គាត់ ។ នាង​ខ្ញុំ​ជា​មន្ត្រី​ថ្នាក់ស្រុក ចំណែក​គាត់​ជាម​ន្ត្រី ថ្នាក់ឃុំ ហើយ​ក្រោយពី​ស្គាល់គ្នា​បាន​ប្រហែល ៣ ខែ យើង​ទាំង​ពីរបាន​ចាប់ ផ្តើម​ស្រឡាញ់គ្នា ។

រយៈពេល​ដំបូង​យើង​ទាំងពីរ​មាន​អារម្មណ៍​ដូចគ្នា គឺ មាន​សុភមង្គល​ខ្លាំងណាស់ ។ មួយឆ្នាំ​ក្រោយមក គាត់​បានមក​លេង​ផ្ទះ នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​ក៏បាន​ទៅលេង​ផ្ទះ​គាត់ គ្រួសារ​ទាំងសងខាង​មានការ គាំទ្រ​ពួកយើង​ដូចគ្នា ។ ឪពុកម្តាយ​របស់គាត់​ស្រឡាញ់​ចូលចិត្ត​នាង​ខ្ញុំ និង ចាត់​ទុកដូចជា​កូនបង្កើត​ប្រការ​នេះហើយ​បានធ្វើឱ្យ​នាង​ខ្ញុំ​ទុកចិត្ត​ទាំងស្រុង​ទៅលើ​គាត់ ។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពិសេស​គឺ​បន្ទាប់ពី​គាត់​សុំ​ឡើង​គ្រែ​ជាមួយ​នាង​ខ្ញុំ​មិនបាន​សម្រេច​មក និង ក្រោយពី​នាង​ខ្ញុំ​ខកខាន​មិនបាន​ឆ្លើយតប​សារ និង ទូរស័ព្ទ​ទៅ​គាត់​ប៉ុន្មាន​ដង ដោយសារតែ​រវល់​ការងារ គាត់​ហាក់ ដូចជា​ចង់​ផ្តាច់ទំនាក់ទំនង​ជាមួយ​នា​ង​ខ្ញុំ​វិញ ។ សូម​សួរថា តើ​គាត់​ធ្វើ​ដូច្នេះ​មានន័យ​យ៉ាងណា ?

​ចំពោះ​នារី​មាន​វិបត្តិ

​ក្មួយ​ស្រី​ជាទី​រាប់អាន ! សម្ល​ឆ្ងាញ់​គឺ​មិន​អាស្រ័យទៅលើ​តែ​អំបិល មួយ​មុខ ឬ ស្ករ​មួយ​មុខ​នោះឡើយ គឺ​ត្រូវតែមាន​គ្រឿង​គ្រប់មុខ​បញ្ចូល​គ្នា និង ដាក់​ទៅតាម​ប្រភេទ​សម្ល​នីមួយៗ ឯ​រឿង​ស្នេហា​ក៏​ដូចគ្នា ។ រឿងរ៉ាវ​របស់​ក្មួយ​ស្រី​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ ការសុំ​ឡើង​គ្រែ ការបដិសេធ​ការខឹង​ច្រឡោត ក៏​ជា​គ្រឿង​ទាំងឡាយ​ដែល​ប្រៀបបាន​ទៅនឹង គ្រឿង​សម្រាប់​បង់​សម្ល ហើយ​សម្ល​ឆ្ងាញ់ ឬ អត់ គឺ​វា​អាស្រ័យទៅលើ បរិមាណ​នៃ​គ្រឿង​នីមួយៗ ។ រឿងរ៉ាវ​របស់​ក្មួយ​ស្រី គឺអាច​មាន​ពីរ​ចំណុច​ដាច់ដោយឡែក​ពីគ្នា ដែល​ត្រូវ​យកមក​ពិចារណា ទីមួយ​គឺ​គាត់​កំពុងតែ​ខឹង​យ៉ាងពិត​ប្រាកដ និង ទី​ពីរ​គាត់​ប្រហែលជា​កំពុង​សាកល្បង​ចិត្ត​នាង ។ តាំងពីដើម​មក អ្នក​ទាំង ពីរ​មិនមាន​បញ្ហា​អ្វី​ជាមួយគ្នា​នោះទេ លើកលែងតែ​ការសុំ​នាង​ឡើង​គ្រែ មិនបាន​សម្រេច ។

តាម​ការយល់ដឹង​បុរស​ដែល​បាន​សុំ​នារី​ម្នាក់​ឡើង​គ្រែ តែ​មិនបាន​សម្រេច​គឺ​មិន​អាចជា​មូលហេតុ​ដែលនាំឱ្យ​បុរស​បែកចិត្ត​នោះទេ ប្រការនេះ​អាច​កើតមានឡើង​លុះណាតែ​នារី​ម្នាក់​នោះបាន​យល់ព្រម​ឡើង​គ្រែ​ម្តង​ជា​ពីរដង ។ ​ដោយឡែក​ករណី​របស់​ក្មួយ​ស្រី​បើតាម​ការយល់ឃើញ​រប​ស់​ប្រជាប្រិយ ការប្រែប្រួល​របស់​មិត្ត​ប្រុស​នាង​ប្រាកដជា​មិនមែន​កំពុង​ចង់​ផ្តាច់ទំនាក់ទំនង​ស្នេហា​ពី​នាង​ដោយសារតែ​រឿង​សុំ​ឡើង​គ្រែ​មិនបាន​សម្រេច នោះឡើយ ព្រោះថា​គាត់ និង នាង​រួម​នឹង​គ្រួសារ​ទាំងសងខាង​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ស្នេហា​នេះ ដូច្នេះ​គាត់​ប្រាកដជា​គោរព​ចំណង​ទំនាក់ទំនង​មួយ​នេះ ។ ជាងនេះទៅទៀត​ក្នុងនាម​ជា​បុរស​នៅពេល​ចង់បាន​អ្វីមួយ​តែ​ធ្វើ​មិនទាន់​បានសម្រេច ពួកគេ​នឹង​កាន់តែ​ខំប្រឹងប្រែង​ទ្វេដង​ដើម្បី​ទទួលបាន​ជោគជ័យ ។

ប្រសិនបើ​ទាក់ទង​នឹង​រឿង​ស្នេហា​បន្ទាប់ពី​ស្នើសុំ​រួមភេទ ជាមួយ​មិត្តស្រី​តែ​ត្រូវបដិសេធ​នោះ​ពួក​បុរស​នឹង​កាន់តែ​រក​មធ្យោបាយ និង លួងលោម​ស្រី​ស្នេហ៍​របស់ខ្លួន​ម្តង​ហើយ​ម្តងទៀត​រហូត​ទន់​ចិត្ត ហើយ​ប្រសិនបើ​គោលដៅ​របស់​ពួកគេ​នៅតែ​ត្រូវបាន​បដិសេធ​ទៀត​នោះ ពួកគេ​នឹង​ឱ្យ​តម្លៃ​កាន់តែ​ខ្ពស់​ដល់​មិត្តស្រី មិនថាតែ​បុរស​នោះ​កំពុង​សាកល្បង ឬ លេង​មែនទែន​នោះឡើយ ។ ករណី​ទី​ពីរ មិត្ត​ប្រុស​របស់​ក្មួយ​ក៏​ប្រហែល​កំពុង​ខឹង​នឹង​នាង​ដោយសារតែ​នាង​មិនបាន​ទូរស័ព្ទ​ទៅ​គាត់​ញឹកញាប់​ដូច​មុន ឬ មិនបាន​ឆ្លើយតប​សារ​របស់គាត់​ឱ្យទាន់ពេល ។ បុរស​ភាគច្រើន​មិនចេះ​រអ៊ូរ​រទាំ​ច្រើន​អំពី​រឿង​ស្នេហា​នោះទេ ពួកគេ​ជ្រើសរើស​វិធី​ស្ងាត់ស្ងៀម​ដើម្បី​បង្ហាញ​ពី​ការខឹង​សម្បា​របស់ខ្លួន តួយ៉ាង​មិត្ត​ប្រុស​របស់​នាង​បានធ្វើ​មកលើ​នាង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ។

​ជា​យោបល់​របស់​ប្រជាប្រិយ​នាង​គួរតែ​ទូរស័ព្ទ​ទៅ​គាត់ ហើយ​សួរ នាំឱ្យ​បានច្បាស់លាស់ ។ ដំបូង​គួរតែ​សុំ​គាត់ ចំពោះ​ការខកខាន​ទទួល​ទូរស័ព្ទ ឬ​មិនបាន​ផ្ញើ​សារ​ឆ្លើយតប​ទៅ​គាត់​ឱ្យបាន​ទាន់ពេល ហើយ​ក្មួយ​ក៏​គួរតែ​ចាប់ផ្តើម​ទូរស័ព្ទ​ទៅ​គាត់​ឱ្យបាន​ញឹកញាប់​ឡើងវិញ ។ ពេលនេះ​ដំបូង​គាត់​ប្រហែលជា​មិន​និយាយ​អ្វី ហើយ​ចាំតែ​ស្តាប់​នាង​និយាយ តែ​បន្ទាប់ ពី​នាង​រៀបរាប់​ចុងក្រោយ គាត់​ប្រា​ដក​ជា​និយាយថា «​ស្អប់​មនុស្ស​មើល ងាយ​គេ ។​ល​។​» ប៉ុន្តែ​ពេលនោះ​នាង​គ្រាន់តែ​លួងលោម​ម្តងទៀត នោះ​គាត់​នឹង​ទន់​ចិត្ត​វិញ​ជាមិនខាន ៕ ​សូម​ជូនពរ​នាង​ឱ្យមាន​សំណាងល្អ !