វប្បធម៌​សន្ទនា​អាច​បន្ត ដរាបណា​លោក សម រង្ស៊ី ដោះស្រាយ​ជាមួយ​តុលាការ​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា គណបក្ស​លោក​នៅតែ​ផ្តល់ឱកាស​ដល់​បក្សប្រឆាំង​ក្នុងការ​សន្ទនា​គ្នា ប៉ុន្តែ​ទល់​តែ​សំណុំរឿង​លោក សម រង្ស៊ី បញ្ចប់​នៅ​តុលាការ​ជាមុនសិន​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា វប្បធម៌​សន្ទនា​មិនទាន់​បាត់បង់​ឡើយ ហើយ​លោក​ជឿថា មានតែ​វប្បធម៌​សន្ទនា​ទេ ដែល​អាច​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​បាន​។​

​យន្តការ​នៃ​ការប្រើប្រាស់​វប្បធម៌​សន្ទនា​ក្នុង​ការចរចា រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង បាន​ហួសពេល​ទៅហើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន ដែល​បាន​អះអាងថា ប្រសិនបើ​បក្សប្រឆាំង​ចង់​បន្ត​ការចរចា​ជាមួយ​បក្ស​កាន់អំណាច ទល់​តែ​លោក សម រង្ស៊ី បញ្ចប់​ក្តីក្តាំ​របស់ខ្លួន​ជាមួយ​តុលាការ​ជាមុនសិន ទើប​ចាប់ផ្ដើម​សន្ទនា​គ្នា​ឡើងវិញ​។ អ្នកនាំពាក្យ​បក្ស​ប្រជាជន​រូបនេះ បន្ថែមថា គណបក្ស​លោក មិនអាច​លូកដៃ​ចូលក្នុង​ប្រព័ន្ធតុលាការ​បានឡើយ ដូច្នេះ​បញ្ហា​លោក សម រង្ស៊ី គឺ​ស្ថិតនៅក្រោម​អំណាចតុលាកា​រ ។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​វា​ហួសពេល​ហើយ ក្នុង​ការប្រើ​វប្បធម៌​សន្ទនា​។ តែ​បក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត បើ​លោក សម រង្ស៊ី ដោះស្រាយ​បញ្ហា​របស់ខ្លួន​ជាមួយ​តុលាការ​»​។

​ផ្ទុយ​ពី​លើកឡើង​លោក សុខ ឥសាន នេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យល់ថា​វប្បធម៌​សន្ទនា មិនទាន់​រលត់​នោះទេ ហើយ​លោក​ជឿជាក់ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ គឺ​នៅតែ​អាច​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​លោក​ថា វប្បធម៌​សន្ទនា គឺជា​មធ្យោបាយ​តែមួយគត់ ដែល​អាចជួយ​គណបក្ស​ទាំងពីរ ច​ចារ​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​កន្លងមក​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នៅតែ​ឲ្យ​តម្លៃ​លើ​វប្បធម៌​សន្ទនា​យ៉ាង​ដូច្នេះ​«​យើង​នៅតែ​ត្រូវការ​វប្បធម៌​នេះ​ដើម្បី​ជជែក​គ្នា​ក្នុងនាម​ខ្មែរ​និង​ខ្មែរ​។ យើង​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាមួយគ្នា មិនមែន​តែ​បញ្ហា​របស់​ឯកឧត្តម​លោក សម រង្ស៊ី នោះទេ​»​។

​កន្លងមក​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា រូបលោក នៅតែ​អង្គុយ​រង់ចាំ​ជជែក​គ្នា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​។ លោក​ជឿជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គឺ​នៅតែ​អាច​ងាក​មក​អង្គុយ​នៅ​តុ​ចរចា​ពិភាក្សាគ្នា​បាន នៅពេល​ខាងមុខ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាមួយគ្នា​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​