UN៖ មនុស្សជាង ១៤៥ពាន់នាក់ រងផលប៉ះពាល់ដោយសារ ទឹកជំនន់នៅសូម៉ាលី

សូម៉ាលី៖ ប្រជាពលរដ្ឋសូម៉ាលី យ៉ាងហោចណាស់ ១៤៥.២០០នាក់ បានរងផលប៉ះពាល់ដោយសារ ទឹកជំនន់ ចាប់តាំងពីការឈានចូល រដូវវស្សា កាលពីខែតុលាកន្លងទៅនេះ នេះបើយោងតាមការលើកឡើងរបស់ ភ្នាក់ងារជំនួយមនុស្សធម៌របស់ អង្គការសហប្រជាជាតិ ដកស្រង់ដោយសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

យ៉ាងនេះក្តី ការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសម្របសម្រួល កិច្ចការមនុស្សធម៌ OCHA បានឲ្យដឹងដោយយោង តាមរបាយការណ៍នាថ្ងៃចន្ទនេះថា ថ្មីៗនេះកម្រិតទឹកភ្លៀងមានការធ្លាក់ចុះ ក្នុងតំបន់ជាច្រើនក្នុងប្រទេស សូម៉ាលី បើប្រៀបធៀបទៅនឹង កម្រិតទឹកភ្លៀងកាលពីសប្តាហ៍មុន។ ប៉ុន្តែក្នុងតំបន់ខ្លះទៀត នៅតែទទួលរងទឹកភ្លៀងកម្រិតមធ្យមមិនទាន់មានការធ្លាក់ចុះនៅឡើយ។

OCHA បានលើកឡើងថា «ខណៈដែលស្ថានភាពក្នុងតំបន់ ជាច្រើនវិលត្រឡប់ទៅសភាពដើមវិញ ប្រជាពលរដ្ឋប្រមាណ ១៤៥.២០០នាក់ នៅតែរងផលប៉ះពាល់ដោយសារបញ្ហានេះ ចាប់តាំងពីឈានដល់រដូវវស្សា កាលពីខែតុលាកន្លងទៅនេះ»។

ជាមួយគ្នានេះដែរ ភ្នាក់ងារដៃគូសុខភាព និងអ្នកសម្របសម្រួលក្នុងតំបន់ រងគ្រោះដោយទឹកជំនន់ បានរាយការណ៍ពីការកើនឡើងនូវ ជំងឺផ្សេងៗ រួមទាំងជំងឺគ្រុណចាញ់ផងដែរ៕