អ៊ីតាលី ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ស្តីពីការបង្ក្រាប ក្រុមឧទ្ទាមISIS ក្នុងខែមករាខាងមុខ

រ៉ូម៖ ប្រទេស អ៊ីតាលី នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ស្តីពីការរួមកម្លាំងគ្នាដើម្បី ប្រឆាំងនឹងក្រុមឧទ្ទាម រដ្ឋឥស្លាម ISIS ក្នុងទីក្រុង រ៉ូមនាខែមករាខាងមុខ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Paolo Gentiloni ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Gentiloni បានប្រាប់អ្នកធ្វើសេចក្តីរាយការណ៍ថា យុទ្ធសាស្ត្រក្នុងការប្រឆាំងក្រុមឧទ្ទាមISIS នឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំជាច្រើនលើកច្រើនសារ តែក្នុងនោះ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងទីក្រុងរ៉ូម ក្នុងរយៈពេលមួយខែកន្លះខាងមុខ ដែលជាកិច្ចពិភាក្សាស្តីអំពីការបង្ក្រាបពួកឧទ្ទាមISIS។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៊ីតាលីគ្មានបំណងចង់ចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលកំពុងធ្វើការវាយប្រហារក្រុមឧទ្ទាម ISIS ក្នុងប្រទេស ស៊ីរីនោះឡើយ ដោយលោកបានព្រមានថា យុទ្ធនាការវាយប្រហារតាមដែនអាកាស ផ្តល់លទ្ធផលតែម្យ៉ាង គឺភាពហ្វឹកវរក្នុងតំបន់តែប៉ុណ្ណោះ៕

អ៊ីតាលី ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ស្តីពីការបង្ក្រាប ក្រុមឧទ្ទាមISIS ក្នុងខែមករាខាងមុខ