លោកអូបាម៉ា៖ ការ​បាញ់​សម្លាប់​រង្គាល​នៅរដ្ឋ​កាលីហ្វ័រញ៉ាគឺ​ជា​«អំពើ​ភេរវកម្ម»

លោកអូបាម៉ា៖ ការ​បាញ់​សម្លាប់​រង្គាល​នៅរដ្ឋ​កាលីហ្វ័រញ៉ាគឺ​ជា​«អំពើ​ភេរវកម្ម»

Yanira Perez (2-R) ជូត​ភ្នែក​របស់នាង​ខណៈ​ដែល​នាង​និង​ម្តាយ​របស់នាង​ផ្តល់គោរព​នៅ​កន្លែងគោរព​វិញ្ញាណក្ខន្ធបណ្តោះអាសន្ន​ដើម្បី​ផ្តល់កិត្តិយសដល់ជន​រងគ្រោះការបាញ់ប្រហារកាលពីថ្ងៃពុធ ខែធ្នូ​ ឆ្នាំ២០១៥ នៅ San Bernardino, California.

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ទៅកាន់​សាធារណ​ជន​ អាមេរិកថា​ការ​បាញ់​ប្រហារ​កាល​ពី​សប្តាហ៍​មុន នៅ​រដ្ឋ​កាលីហ្វ័រញ៉ាគឺ​ជា​«អំពើ​ភេរវកម្ម​ ដែល​ប្រព្រឹត្ត​ឡើង ដើម្បី សម្លាប់​មនុស្ស​ដែល​គ្មានកំហុស។»

នៅក្នុង​ការ​ថ្លែង​ដ៏​កម្រ​មួយ​ចេញ​ពី​ការិយាល័យ​របស់​លោក ​ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ លោក​អូបាម៉ា បានពិភាក្សាអំពិ​ការ​វាយប្រហារ​នោះ ហើយ​ព្យាយាម​ធានា​ជា​ថ្មី​ម្តង​ទៀត នៅ​ចំពោះ​មុខ ពលរដ្ឋ​អាមេរិកអំពី​យុទ្ធសាស្ត្រ​របស់​ស.រ.អា​ ដើម្បី​យក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច។​

លោកប្រធានាធិបតី បាន​និយាយ​ថា ឃាតករ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ បាន​ជ្រើស​យក «ផ្លូវ​ងងឹត​នៃ​ភាព​ជ្រុលនិយម ហើយ​ប្រកាន់​យក​ការ​បកស្រាយ​អំពី​សាសនា​ឥស្លាម​ដែលនាំ​ទៅរក​ផ្លូវ​អាក្រក់​»។

ប៉ុន្តែ លោក​អូបាម៉ា និយាយ​ថា នៅ​មិន​ទាន់​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា ប្តី​ប្រពន្ធ​មួយ​គូរ ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នោះ ធ្វើតាម​បញ្ជារ​របស់​ក្រុម​ភេរវករ​នៅបរទេស​ណាមួយ​ទេ ឬក៏​ថា ពួកគេ​ទាំង​ពីរ​នាក់​ គឺ​ជា​ផ្នែកមួយ​នៃ​ការ​សម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅក្នុង​សហរដ្ឋ​អាមេរិក​ណាមួយឡើយ។

ប្តី​ឈ្មោះ Syed Rizwan Farook ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក និង​ប្រពន្ធរបស់​គាត់ ដែល​ជា​ជនជាតិ​ប៉ាគីស្ថាន ឈ្មោះ Tashfeen Malik បាន​សម្លាប់​មនុស្ស​១៤នាក់ និង​ធ្វើ​ឲ្យ​របួស​២១​នាក់​ទៀត​ នៅ​ឯ​ពិធី​ជប់លៀង​ជួបជុំ​បុគ្គលិក​រដ្ឋាភិបាលមួយ​កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន ក្នុង​ទីក្រុង San Bernardino ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​១ម៉ោង បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ក្រុង Los Angeles ៕