ស៊ីរី​៖ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ សម្លាប់​ទាហ៊ាន​ ៣នាក់​ នៅ Deir Ezzor​

ស៊ីរី​៖ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ សម្លាប់​ទាហ៊ាន​ ៣នាក់​ នៅ Deir Ezzor​

រូបភាព​ឯកសារ៖ យន្តហោះចម្បាំង Rafale របស់កងទ័ព​បារាំងកំពុង​ចេញដំនើរពី នាវាផ្ទុកយន្តហោះ​បារាំង​ Charles De Gaulle នៅសមុទ្រMediterranean។

ប្រទេស​ស៊ីរី និង​ក្រុម​មួយ​ដែល​ឃ្លាំមើល​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​ បាន​និយាយនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក បាន​សម្លាប់​ទាហ៊ាន​ស៊ីរី យ៉ាងតិច៣នាក់ និង​ធ្វើ​ឲ្យ​របួស​១៣​នាក់​ទៀត​នៅ​ឯ​ជំរំ​យោធា​មួយ​កន្លែង​ក្នុង​ខេត្ត Deir Ezzor របស់​ប្រទេស​ស៊ីរី។

ក្រសួង​ការ​បរទេស​ស៊ីរី បាន​ថ្កោលទោស​ទៅ​លើ​អ្វីដែល​ខ្លួន​ហៅ​ថាជា «ការ​ឈ្លាន​ពានដ៏​សាហាវ​យង់ឃ្នង» ពី​ក្រុម​ប្រទេស​ចម្រុះ​នោះ ដោយ​និយាយ​ថា ការ​វាយ​ប្រហារ​នោះ រំលោភ​ធម្ម​នុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅស៊ីរី ឬ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​និយាយ​ថា ការ​វាយ​ប្រហារ​នោះ បាន​កើតឡើង កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ធ្វើឲ្យមាន​មនុស្សស្លាប់​ ៤នាក់។

មិន​ទាន់​មាន​ការអត្ថាធិប្បាយ​ណាមួយ​ពី​ក្រុម​ប្រទេស​ចម្រុះ​ ទៅលើ​អ្វី​ដែល​ជា​ឧបទ្ទវហេតុ​លើក​ដំបូង​ ដែល​ក្រុមនោះ​ ធ្វើការ​វាយ​ប្រហារ​ទៅលើ​យោធា​ស៊ីរី​នោះ​ទេ។

ការ​វាយប្រហារ​តាម​អាកាស​ ដែល​តម្រង់​គោលដៅ​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ កំពុង​តែ​បន្ត​ធ្វើ​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ កាល​ពី​សប្តាហ៍​មុន ការប្រហារ​ទាំង​នោះ បានរួម​បញ្ចូលការ​វាយប្រហារ​ចំនួន​២០ដង នៅក្នុង​ខេត្តDeir Ezzor នោះ​ផងដែរ។ ការ​វាយ​ប្រហារ​ទាំង​នោះ តម្រង់​ទៅលើ​កន្លែង​ផលិត​ប្រេង ដែល​ជា​ប្រភព​ចំណូល​មួយ​របស់​ក្រុម​សកម្មប្រយុទ្ធ៕