ផ្ទះស្លឹក​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​ពេល​ម្ចាស់​បិទទ្វារផ្ទះ​ដើរទៅ​ទិញ​ម្ហូប​

​ខេត្តកំពង់ឆ្នាំង​៖ ផ្ទះមួយ​ស្លឹក​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​ម៉ត់​ក្លាយជា​ផេះផង់ ត្រឹមតែ​ជាង​២០​នាទី​ប៉ុណ្ណោះ ខណៈពេលដែល​ម្ចាស់ផ្ទះ​ដើរទៅ​ទិញ​ម្ហូប​ហូបបាយ​ដុត​ភ្លើង​ចោល​នៅក្នុង​ចង្ក្រាន​បាយ​។ អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ។​ ​ ​

ជុំវិញ​ការឆេះ​ផ្ទះ​ខាងលើនេះ​លោក​អនុ​ភូមិ​អូរ​កណ្តោល បានអោយដឹងថា​៖​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មាន ឈ្មោះ សុខ ថុល អាយុ​៥៧​ឆ្នាំ ប្តី​ឈ្មោះ រ៉ៃ ឈន អាយុ​៥៨​ឆ្នាំមាន​២​នាក់​ប្រុស​១​ស្រី​១​។ នៅ​មុនពេល​កើតហេតុ​បើតាម​ការ​អោយដឹងពី​ស្ត្រី​ជា​ប្រពន្ធ និយាយ​អោយដឹងថា​៖ គាត់​បាន​ដើរ​ទៅរក​ទិញ​ម្ហូប​យកមក​ហូបបាយ​ដោយ​ដុត​ភ្លើង​ចោល​នៅ​ចង្ក្រាន​បាយ ប្រហែល​២០​នាទី​ទើប​ត្រឡប់មក​ដល់ផ្ទះ​ក៏​ស្រាប់តែ ឃើញ​ភ្លើង​កំពុងតែ​ឆាបឆេះ​ចេញ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ​អ្នកភូមិ​មកជួយ​ពន្លត់​មិនទាន់​។​

​ប្រភព​មួយទៀត​ពី​អ្នកជិតខាង​បាន​ប្រា​ប់លោក​អនុ​ភូមិ​ថា​៖​ពេល​ភ្លើង​កំពុងតែ​ឆាបឆេះ​អ្នកភូមិ​ជិតខាង​ក៏បាន​ទៅ​ជួយ​ពន្លត់​ដែរ​តែ​កូនប្រុស​បង្កើត​របស់គាត់ ឈ្មោះ វង វិច ហាម​មិន​អោយគេ​ជួយ​ពន្លត់​នោះទេ ហេតុនេះ​ទើប​មានការ​សង្ស័យថា​ប្រហែលជា​ឈ្មោះ វង វិច ដុត​ផ្ទះ​ខ្លូន​ឯង តែ​ទោះជា​យ៉ាងណា ស្ត្រី​ជា​ម្តាយ​នៅតែ​ឆ្លើយ​អះអាងថា​៖​ ភ្លើង​ឆេះ​ផ្ទះ​របស់គាត់ គឺ​បណ្តាលមកពី​គាត់​ដុត​ភ្លើង​ចោល​នៅក្នុង​ចង្ក្រាន​បាយ ហើយ​រវល់​ទៅ​ទិញ​ម្ហូប​គ្មាន​អ្នកណា​នៅ ទើប​ភ្លើង​រាល​ឆេះ​ដោយ​ឯងៗ គ្មាន​អ្នកណា​ទៅ​ដុត​ឡើយ​។​លុះ​ព្រឹក​ឡើង​ទាំង​ឪពុក ម្តាយ និង​កូនៗ​បាននាំគ្នា​ឡើង​ឡាន​ទៅ​ព្រុំដែន​ថៃ​ទាំងអស់គ្នា ដោយ​បន្សល់ទុក​នៅ​គ្រោងឆ្អឹង​ម៉ូតូ និង​កង់​ដែល​ឆេះ​នៅក្នុង​គំនរ​ផេះ​ទាំងអស់​។​

​លោក សំ សុខា នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ជ្រៃ​បាក់ បានអោយដឹងថា​៖ ​ករណី​ឆេះ​ផ្ទះ​ខាងលើនេះ គឺ​បណ្តាលមកពី​ម្ចាស់ផ្ទះ​ដុត​ភ្លើង​ក្នុង​ចង្ក្រាន​បាយ​ហើយ​រវល់​ដើរទៅ​ទិញ​ម្ហូប ទើប​ភ្លើង​រាល​ឆេះ​ផ្ទះ​។ ការខូចខាត​ឆេះ​ផ្ទះ​មាន​ទំ​ហំ ៤​គុណ​៥​ម៉ែត្រ ​ធ្វើ​អំពី​ឈើ​ប្រក​ស្លឹក​ជញ្ជាំង​ស្លឹក​ក្រាល​ក្ដា ឆេះ​ម៉ូតូ​ម៉ាក​ហ្វី ណូ ១​គ្រឿង កង់​១​គ្រឿង ទូរ​ទស្ស​ន៍ពណ៌​១​គ្រឿង ក្តារក្រាល​ទើប​និង​អារ​រួច​២០​សន្លឹក និង​សម្ភា​រៈ​ដែលនៅក្នុងផ្ទះ​ត្រូវ​ឆេះ​ម៉ត់​ទាំងអស់​៕ រិ​ទ្ធិ ជ័យ​ ​

KA-07-12-2015-01 KA-07-12-2015-02 KA-07-12-2015-03