ស៊ីរី ដោះលែងអ្នកទោស ២៧០នាក់ ទូទាំងប្រទេស

ដាម៉ាស់៖ អាជ្ញាធរស៊ីរី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដោះលែងអ្នកទោស ចំនួន ២៧០នាក់ ដែលនេះជាផ្នែកមួយនៃ ការលើកលែងទោសពី សំណាក់ប្រធានាធិបតី ស៊ីរី លោក បាស្សា អាល់អាស្សាដ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

សារព័ត៌មាន បានដកស្រង់សំដីរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Najm Addien Ahmad ថា អ្នកទោសទាំងនោះត្រូវបាន ដោះលែងតាំងពីថ្ងៃអាទិត្យកន្លងទៅនេះ ពីបណ្តាខេត្តផ្សេងៗ ក្នុងប្រទេស ស៊ីរី ដោយបង្ហាញការកត់សម្គាល់ថា ការដោះលែងនេះ ត្រូវបានធ្វើឡើង បន្ទាប់មានករណីលើកលែង ទោសពិសេសពីសំណាក់ ប្រធានាធិបតី បាស្សាអាល់អាស្សាត។

រដ្ឋមន្ត្រីរូបនេះបន្តថា អ្នកជាប់ឃុំឃាំងផ្សេងទៀត នឹងត្រូវបានដោះលែងជាក្រុមៗ ជាបន្តបន្ទាប់ ដោយនេះជាផ្នែកមួយនៃការបោះជំហាន របស់រដ្ឋាភិបាលក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បី ធ្វើការបង្រួបបង្រួមជាតិ ក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ពួកបះបោរ។ យ៉ាងនេះ សេចក្តីរាយការណ៍មិនបាន បង្ហាញព័ត៌មានលម្អិតពីកម្រិត បទឧក្រិដ្ឋ របស់អ្នកទោសដែលត្រូវបាន គេដោះលែងទាំងនោះទេ។

សូមជម្រាបថា ថ្មីៗនេះ រដ្ឋាភិបាលស៊ីរី បានព្រមព្រៀងអនុវត្តបទឈប់បាញ់ ជាមួយសកម្មជនដែលស្ថិតនៅ ភាគខាងលិចទីក្រុង ដាម៉ាស់ និងតំបន់ al-Ware ដែលនេះ តំបន់ក្រោមការគ្រប់គ្រងរបស់ ពួកបះបោរកណ្តាលទីក្រុង Homs៕