ប៉ូលិស​ប្រកាស​ចាត់វិធានការ​ពង្រឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ ចាប់ពី​ដើមឆ្នាំ​២០១៦​ខាង​មុខ​តទៅ​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចុះហត្ថលេខា​នៅ​លើ​សេចក្តីជូនដំណឹង​មួយ​លេខ​២៣០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ពង្រឹង​វិធានការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ក្នុង​ន័យ​សំដៅ​រក្សា​សុវត្ថិភាព​ និង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ល្អ​ប្រសើរ​ឡើង​ ។​

​សេចក្តីជូនដំណឹង​លេខ​២៣០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ស្តី​ពី​ការ​ពង្រឹង​វិធានការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​បញ្ជាក់​ថា​ "​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​តទៅ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​ មាន​ជា​អាទិ៍​ តាម​គោលដៅ​ដើម​ទី​ ចំណត​យានយន្ត​ កំពង់​ផែ​ ផែស្ងួត​ កំពង់ចម្លង​ ស្ថានីយ៍​ជញ្ជីង​ សាលាបង្រៀន​បើកបរ​ យានដ្ឋាន​ ជួសជុល​កែ​ច្នៃ​…​និង​តាម​ដងផ្លូវ​នានា​ ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​៨៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​អនុក្រឹត្យ​លេខ​៨៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កំណត់​ល្បឿន​សម្រាប់​យានជំនិះ​ ចំពោះ​ករណី​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ មិន​ពាក់មួក​ ខ្សែក្រវាត់​ ការ​ផ្ទុកទំនិញ​សំពីងសំពោង​ យានយន្ត​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​…​។​ល​។​ "​ ៕​

ប៉ូលិស​ប្រកាស​ចាត់វិធានការ​ពង្រឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ ចាប់ពី​ដើមឆ្នាំ​២០១៦​ខាង​មុខ​តទៅ​