វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​

វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​

ក្រុម​លីក​កំពូល​ប្រទេស​ថៃ​ពីរ​គឺ​ SCG Muangthon United និង Buriram United នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​ប្រទេស​កម្ពុជា​នា​ខែ​មករា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ហេតុ​អ្វី​បាន​ជា​ក្រុម​កំពូល​ទាំង​ពីរ​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​​ដើម្បី​​ត្រៀម​ខ្លួន​​សម្រាប់​ការ​ប្រកួត​លីក​បាល់ទាត់​កំពូល​ថៃ​នា​រដូវ​កាល​ថ្មី​?

 

អ្នក​គាំទ្រ​កម្ពុជា​ដឹង​ហើយ​ថា​ រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​​ ក្រុម​បាល់ទាត់​ដែល​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​ប្រទេស​ថៃ​មិន​ធ្លាប់​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ក្រុម​លីក​កំពូល​ថៃ​ពីរ​សម្រេច​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​មួយ​សម្រាប់​ការ​ប្រកួត​មិត្តភាពរបស់​ពួក​គេ។ ​ Sabay​ សូម​បង្ហាញ​ហេតុ​ផល​ខ្លះ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​​វិស័យ​បាល់ទាត់​កម្ពុជា។

 

វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​ អ្នក​គាំទ្រ​ពេល​កម្ពុជា​ប្រកួត​នឹង​ក្រុម​ម៉ាកាវ

 

១- ឆ្នាំ​២០១៥​ អាច​ចាត់​ទុក​ជា​ឆ្នាំ​ដែល​មាន​អ្នក​គាំទ្រ​ចាប់​​ផ្តើម​ចាប់​អារម្មណ៍​បាល់ទាត់​បំផុត។ ​នៅ​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ាកាវ​ ៣-០ សម្រាប់​ការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។ ពេល​នោះ​ហើយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​អ្នក​គាំទ្រ​ចូល​ទស្សនា​ច្រើន​បំផុត​ជា​លើក​ដំបូង​គឺ​ពេញ​ស្តាត​ចាស់​ដែល​មិន​ត្រឹម​តែ​កម្ពុជា​ទាំង​មូល​ទេ​ សូម្បី​តែ​ប្រទេស​ផ្សេង​ក៏​ចាប់​អារម្មណ៍​ដែរ។

 

អ្វី​ដែល​ពិសេស​ទៀត​​នោះ​គឺ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​ដដែល​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​សិង្ហបុរី​៤-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​ការ​ជម្រុះ​បាល់ទាត់​ពិភព​លោក។ ​ថ្ងៃ​នោះ​អ្នក​គាំទ្រ​ចូល​​ទស្សនា​ច្រើន​បំផុត​ដែល​ជាប់​កំណត់​ត្រា​ផ្នែក​អ្នក​គាំទ្រ​ច្រើន​បំផុត​នៅ​តំបន់​អាស៊ី​សម្រាប់​ការ​ជម្រុះ​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ​ ការ​ប្រកួត​អន្តរជាតិ​ជា​ច្រើន​ទៀត​ក៏​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​មិន​តិច​ដែរ។

 

វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

២-ក្រុម​ជម្រើស​ជាតិ​កាន់​តែ​មាន​គុណភាព​កើន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត។ ការ​ប្រកួត​ជា​​បន្ត​បន្ទាប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​នេះ​ឃើញ​ថា​ បាន​កាត់​បន្ថយ​ពី​ការ​ចាញ់​គ្រាប់​បាល់​ច្រើន​គ្រាប់​ មក​សល់​តិច​ ហើយ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ថែម​ទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។ ពេល​ខ្លះ​ប្រកួត​ជា​មួយ​ក្រុម​មធ្យម​ ឬ​ខ្សោយ​ជាង​ ក៏​ទទួល​​បាន​ជ័យជម្នះ​ ឬ​ស្មើ​ផង​ដែរ។ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​ឡើង​ដល់​ជុំ​ទី​ពីរ​នៃ​ការ​ប្រកួត​ជម្រុះ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ម៉ាកាវ​នៅ​ជុំ​ទី​មួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លីក​កំពូល​កម្ពុជា​​ត្រូវ​បាន​រៀប​ចំ​ការ​ប្រកួត​​ក្នុង​ដី និង​ក្រៅ​ដី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​​លីក​កម្ពុជា​មាន​គុណភាព។

៣- ពហុកីឡដ្ឋាន​ជាតិ​អាច​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវ​ការ​ធំ​ៗ​បាន​យ៉ាង​សម​រម្យ។ បន្ទាប់​ពី​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​​របស់​ FIFA ពហុកីឡដ្ឋាន​ជាតិ​ត្រូវ​បាន​ជួសជុល​ទី​លាន​ប្រកួត​​បាន​យ៉ាង​ល្អ​ស្អាត​ ហើយ​ក្រសួង​អប់រំ យុវជន ​និង​កីឡា​បាន​​ជួសជុល​កែ​លំអ​ហេដ្ឋារចនាសម្ពន្ធ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ពហុកីឡដ្ឋាន​ជាតិ​កាន់​តែ​ស្រស់​ស្អាត និង​ទាក់ទាញ​អ្នក​ទស្សនា។

 

វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​ ពហុកីឡដ្ឋាន​ជាតិ

 

៤-ម្យ៉ាង​វិញ​ទៀត ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​កម្ពុជា​​​របស់​ក្រុម​បាល់​ទាត់​លំដាប់​កំពូល​នៅ​អាស៊ី​​នេះ​អាច​ប្រហែល​ជាសកម្មភាព​មនុស្ស​ធម៌​ក៏​ថា​បាន។​តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ ក្រុម​ថៃ​គ្រោង​មក​ប្រកួត​មិត្តភាព​នៅ​កម្ពុជា​​ក្នុង​គោល​បំណង​សកម្មភាព​សប្បុរស​ធម៌។

 

ការ​សម្លឹង​ឃើញ​គុណ​ភាព​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ការ​កើន​ឡើង​នៃ​អ្នក​គាំទ្រ​កម្ពុជា​ ទី​លាន​ពហុកីឡដ្ឋាន​ប្រកប​ដោយ​ស្តង់ដារ​អន្តរជាតិ​ និង​គោល​បំណង​សប្បុរសធម៌​អាច​ជា​​គោលដៅ​របស់​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ាន​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

 វិភាគ៖ ហេតុ​អ្វី​ក្រុម​លីក​កំពូល​ថៃ​ជ្រើស​រើស​កម្ពុជា​ជា​គោល​ដៅ​ប្រកួត​មិត្តភាព​?​ការ​ប្រកួត​មិត្តភាព​អន្តរជាតិកម្ពុជា (ខៀវ) និង​ឡាវ (ក្រហម)

 

តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​គឺ​បាន​តែង​តាំង​លោក​ ប្រាក់ សុវណ្ណារ៉ា​ ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ Cambodian All Stars ដើម្បី​ត្រៀម​ខ្លួន​​ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​​ទល់​នឹង​ក្រុម​លេង​នៅ​លីក​បាល់ទាត់​កំពូល​របស់​ប្រទេស​ថៃ​គឺ​ថ្ងៃ​ទី​​១៦ ខែ​មករា​ ឆ្នាំ​២០១៦ ជា​មួយ​ក្រុម​  SCG Muangthong United និង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម Buriram United នៅ​ពហុកីឡដ្ឋាន​ជាតិ៕

 

ក្រៅ​ពី​មូលហេតុ​ខាង​លើ តើ​អ្នក​គាំទ្រ​មាន​អ្វី​ចង់​ប្រាប់​ទេ?

 

អត្ថបទ៖ ជាន ចាន់រ៉ា