ប្រភព​ថា រឿង​របស់ Angelina Jolie អាច​សម្រួល​ជីវភាព ស្វែង សុជាតា


ប្រភព​ថា រឿង​របស់ Angelina Jolie អាច​សម្រួល​ជីវភាព ស្វែង សុជាតា

ស្ថិត​ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​អត្តសញ្ញាណ តារា​សម្ដែង​មួយ​រូប​បាន​ប្រាប់​ថា ភាពយន្ត​រឿង”ពី​ដំបូង ខ្មែរ​ក្រហម​សម្លាប់ឪពុក​​ខ្ញុំ” របស់​អ្នក​ស្រី Angelina Jolie អាច​ជួយ​ជីវភាព​របស់ ស្វែង សុជាតា បាន​ខ្លះ​មិន​ខាន ស្រប​ពេល​នាង​កំពុង​មាន​ជីវភាព​ខ្វះខាត​ដូច្នេះ។

 

“ ឮ​ថា សុជាតា សម្ដែង​រឿង​នោះ​បាន ៣០​ថ្ងៃ​ឯណោះ។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ ព្រោះគ្នា​វា​អត់ ជីវភាព​​ក៏​​កំពុង​ដុនដាប​ណាស់”។ តារា​សម្ដែង​ជើងចាស់​រូប​នោះ​បញ្ជាក់​មក​កាន់ Sabay កាល​ពី​ពេល​ថ្មី​នេះ។ លោក​បន្ត​ថា ពេល​នេះ​តារា​យំយែក ស្វែង សុជាតា កំពុង​ស្ថិត​នៅ​ខេត្ត​សៀមរាប ដើម្បី​សម្ដែង​រឿង​ដក​ស្រង់​ចេញ​ពី​ការ​ចងចាំ​របស់​អតីត​ក្មេង​ស្រី​ម្នាក់​នោះ​ហើយ។

 

ប្រភព​ថា រឿង​របស់ Angelina Jolie អាច​សម្រួល​ជីវភាព ស្វែង សុជាតា

 

ទោះ​ប្រភព​ដដែល​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់ ស្វែង សុជាតា ក្នុង​ការ​សម្ដែង​ភាពយន្ត​ខាង​លើ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​បង្ហាញ​ការ​សាទរ​ចំពោះ​អ្នក​មេម៉ាយ​រូប​នេះ ក្នុង​នាម​ជា​អ្នក​រួម​អាជីព​សិល្បៈ។ លោក​យល់​ថា ភាពយន្ត​ដឹក​នាំ​ដោយ​តារា​ហូលីវូដ អាច​ផ្ដល់​កម្រៃ​សមរម្យ​ជាង​ភាពយន្ត​ក្នុង​ស្រុក​មិន​ខាន​ឡើយ។

 

ទោះ​បី​ជា​យ៉ាង​ណា មិន​អាច​សុំ​ការ​បញ្ជាក់​ពី ស្វែង សុជាតា បាន​ទេ​ពាក់ព័ន្ធ​ទៅ​នឹង​វត្តមាន​សម្ដែង​នៅ​ក្នុង​រឿង​ស្ដី​ពី​របប​វាល​ពិឃាដ​នេះ។ សូម្បី​តារា​ផ្សេង​ទៀត​ក៏​ព្យាយាម​លាក់លៀម​ដូច​គ្នា ព្រោះ​ជា​គោលការណ៍​របស់​ក្រុម​ការងារ​ផលិត។ ប៉ុន្តែ​ជារឿយៗ​ ស្វែង សុជាតា បាន​បង្ហោះ​រូប​ភាព​នៅ​ខេត្ត​សៀមរាប ដែល​តំបន់​សំខាន់​កំពុង​ដំណើរ​ការ​ថត​រឿង “ពី​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ” ខណៈ​ខេត្ត​បាត់ដំបង​ជា​គោលដៅ​បន្ទាប់។

 

ស្វែង សុជាតា ជា​តារា​សម្ដែង​មាន​ទេព​កោសល្យ​មួយ​រូប​នៅ​ក្នុង​សង្គម​សិល្បៈ ថែម​ទាំង​ធ្លាប់​មាន​ជីវភាព​សមរម្យ​ទៀត​ផង។ ជីវភាព​របស់​នាង​ធ្លាក់​ដុនដាប​ខ្លាំង​អំឡុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​មាន​ជំងឺ​ផង និង​រក​ជំនួញ​ខាតបង់​អស់​ប្រាក់​កាស និង​ទ្រព្យ​សម្បត្តិ​ធ្លាប់​មាន​ផង។ បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​កំពុង​ស្នាក់នៅ​បន្ទប់​ជួល​តម្លៃ​ត្រឹម​តែ ៣០ ដុល្លារ​ប៉ុណ្ណោះ និង​ទៅ​ណា​មក​ណា​ដោយ​ថ្មើរ​ជើង ឬ​ជិះ​ម៉ូតូ​ឌុប​ជា​ដើម។

 

ម្ដងម្កាល​នាង​ក៏​បាន​ទទួល​ជំនួយ​ខ្លះ​ពី​សប្បុរសជន​ផង​ដែរ​ទាំង​អ្នក​រួម​អាជីព​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ។ ទោះ​បី​ជា​យ៉ាង​ណា ស្វែង សុជាតា អះអាង​ថា នឹង​ព្យាយាម​តស៊ូ​ក្នុង​វិស័យ​សិល្បៈ​ម្ដង​ទៀត ដោយ​សង្ឃឹម​ថា អាច​សាង​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​មិន​ខាន៕

 

អត្ថបទ៖ សំ ជំនាញ