ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ផ្ទះ​ចម្ការ​ស្វាយ​បាញ់​របួស​3​នាក់

ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ផ្ទះ​ចម្ការ​ស្វាយ​បាញ់​របួស​3​នាក់

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់ បាន​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ បន្ទាប់​ពី​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម បាន​ចូល​ទៅ​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​មួយ ខណៈ​ពេល​កំពុង​នៅ​ក្នុងផ្ទះ​ជុំ​គ្នា ។ តាម​ប្រភព​ព័ត៌មាន​ថា ក្រុម​ចោរ​ប្រមូល​យក​បានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ អ្នក​រង​គ្រោះ​ដោយ​អំពើ​ប្លន់​នេះ ជា​អ្នកចម្ការ​ដាំ​ស្វាយ​ធំ​ម្នាក់ ។
សកម្មភាព​ប្លន់​ដ៏​សាហាវ​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ធ្នូ នៅ​ចំណុច​អូរ​អុកគូទ ភូមិ​ប្រសប់​ជុំ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​មាន​ចំនួន​៥​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ប៉ាន់ សុ​គឿ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។
ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ប៉ាន់ សុ​គឿ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ក្បាលជង្គង់​ខាងស្តាំ ។ ២-​ឈ្មោះ ណាំ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវ​វ៉ៃ​ក្បាល​ចំនួន​១​ពូថៅ​រង​របួសធ្ងន់ ត្រូវជា​ប្អូនជីដូនមួយ​ម្ចាស់ផ្ទះ ។ និង​៣-​ឈ្មោះ សុ​គឿ​ត វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ ត្រូវ​ក្រុម​ចោរ​វ៉ៃ​ក្បាល​១​ពូថៅ​រង​របួស ។
តាម​ការ​ស្រាវជ្រាវ​និង​សាកសួរ​សាក្សី​ដែល​ជា​សាច់ញាតិ​គ្រួសារ​រង​គ្រោះ គឺ​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​២​ដើម ក្នុង​នោះ​អាការ​១​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ធ្វើ​សកម្មភាព​ចូល​មក​ពីក្រោយ​ផ្ទះ​ផ្នែក​ខាងលិច ភ្ជង់​សំ​ទ្បុ​តបាញ់​ម្ចាស់ផ្ទះ​ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ម្តង ។
សម្ភារ​ដែល​បាត់បង់​រួម​មាន ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង ខ្សែដៃ​មាស​២​តម្លឹង​មួយ​ខ្សែ ខ្សែ​ក​ប្លា​ទី​ន​ចំនួន​៣​ខ្សែ ស្មើ​៤​តម្លឹង​៧​ជី ចិ​ញ្ជៀ​ន​ត្បូង​១​វង់ ចិ​ញ្ជៀ​ន​ប្លា​ទី​ន​២​វង់ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង ។
សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ស្រុក និង​ខេត្ត បាន​បន្លុយ​ឱ្យ​ដឹង​ថា ពេល​នេះ​កំពុង​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕