បាត់​ព្រះ​បដិមា​12​អង្គ​ចុះ​រាវរក​ឃើញ​ក្នុង​ស្រះ​ទឹក

បាត់​ព្រះ​បដិមា​12​អង្គ​ចុះ​រាវរក​ឃើញ​ក្នុង​ស្រះ​ទឹក

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម គឹ​ម សីលា ព្រះ​ជន្ម​៥៥​ឆ្នាំ គង់នៅ​កុដិ​លេខ​៤៣ ក្នុង​បរិវេណ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​រង​ការ​ចោទប្រកាន់​ថា​ព្រះ​អង្គ​បាន​យក​ព្រះពុទ្ធ​បដិមា ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​សំអុយ ។ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ ព្រះ​អង្គ​មិន​ត្រូវ​បាន​ចាប់​ផ្សឹក​ដូច​អ្វី​ដែល​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​គិត​ឡើយ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​ធ្វើការ​សាកសួរ​ពេញ​មួយ​រសៀល ពី​សំណាក់​គណៈកម្មការ​ជំនាញ​សង្ឃ ។
តាម​ការ​សាក​សួរនាំ​ពេញ​មួយ​រសៀល​នោះ គណៈកម្មការ​សង្ឃ​មាន​ទាំង​តំណាង​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​សម្រេច​មិន​ធ្វើការ​ផ្សឹក​ទេ គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ប៉ុណ្ណោះ ។
ចំណែកឯ​កុដិ​លេខ​១៧ ដែល​ព្រះ​អង្គ​ទើបនឹង​ទិញ​ពី​ភិក្ខុសង្ឃ​ម្នាក់​ដែល​បាន​លាចាក​សិក្ខាបទ ព្រះ​នាម​ប៊ុ​ន ស៊ី​ថុ​ន ក្នុង​តម្លៃ​៥​ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​ព្រះ​អនុគណ​សង្ឃ​សម្រេច ដក​ជា​គរុ​ភ័​ណ្ឌ​ប្រើប្រាស់​រួម​គ្នា និង​អនុញ្ញាត​ឱ្យ​ចៅអធិការ​វត្ត​គ្រប់គ្រង​រួម ។ ដោយឡែក​រឿង​ចោទ​ថា​បោះ​ព្រះ​បដិមា​ចូល​ក្នុង​ទឹកស្រះ ត្រូវ​ស្រាវជ្រាវ​តាមដាន​បន្ត​ទៅ​ពេល​ក្រោយ​ទៀត ព្រោះ​ទ​ង្វើ​នេះ​គឺជា​ទ​ង្វើ​មាក់ងាយ​ដល់​ព្រះ​ពុទ្ធរូប ដែល​ជាទី​សក្ការៈ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គោរព​ប្រតិបត្តិ​បូជា​តាម​គន្លង​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា និង​ជា​ទ​ង្វើ​មួយ​មាក់ងាយ​ដល់​ការ​គោរព​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ ។
សូម​បញ្ជាក់​ថា តាម​ការ​សាកសួរ​ខាងលើ​នេះ​ដែរ សង្ឃ​ព្រះ​នាម គឹ​ម សីលា នៅ​តែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ព្រះ​អង្គ​ពិតជា​មិន​បាន​ប្រព្រឹត្តិ​ទ​ង្វើ​ដែល​បាន​ចោទប្រកាន់​ទៅ​លើ​ព្រះ​អង្គ​ឡើយ ។
ជុំវិញ​រឿង​រ៉ាង​ខាងលើ​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ តាម​ការ​ស្រាវជ្រាវ​ជាក់ស្តែង គឺ​ឃើញ​ថា សង្ឃ​ដែល​មាន​ព្រះ​នាម គឹ​ម សីលា គឺ​ទើបនឹង​ប្តូរ​កុដិ​ពី​ខាង​ក្រោយមក​មុខ ដោយ​បាន​ប្រគល់​បច្ច័យ​មួយ​ចំនួន​ទៅ​សង្ឃ​ដើម​ជា​ម្ចាស់​កុដិ​ដែល​បាន​លាចាក​សិក្ខារ​បទ ។ ហើយ​សង្ឃ គឹ​ម សីលា ដដែល ត្រូវការ​ជួសជុល​កុដិ ដូច្នេះ​ព្រះ​អង្គ​ត្រូវការ​រើ​សម្ភារ​ចាស់​ៗ​នៅ​ក្នុង​កុដិ​ចេញ​ទាំងអស់ មាន​ព្រះ​ពុទ្ធរូប ពុទ្ធបដិមា​ជាដើម​។ ចន្លោះ​ពេល​នោះ​ក៏​មាន​កូនសិស្សលោក បាន​យក​រូប​ព្រះ​បដិមា​បាក់បែក​មួយ​ចំនួន ទៅ​បោះចោល​ក្នុង​ស្រះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បែប​ហ្នឹង​តែ​ម្តង​ទៅ ។
តែ​ទោះជា​យ៉ាងណា អ្វី​ជា​ការ​កត់សម្គាល់​ជាក់ស្តែង ពុទ្ធបរិស័ទ​មួយ​ចំនួន​រួម​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ពី​ហេតុការណ៍​នេះ បាន​មក​ជុំ​គ្នា​ក្នុង​វត្ត ។ ក៏​មាន​ពុទ្ធបរិស័ទ​ខ្លះ​មិន​ចង់ឱ្យ​មានការ​ផ្សឹក​ព្រះ​អង្គ គឹ​ម សីលា ដែរ ព្រោះថា​ព្រះ​អង្គ​បាន​គង់នៅ​វត្ត​ស្ទឹង​មាន​ជ័យ​នេះ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ហើយ និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ខូចខិល​ប្រាស់ចាក​ពី​ធម៌​វិន័យ​សង្ឃ​ទេ ។
គួរ​រំឭក​បន្ថែម​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥ ធ្នូ មាន​បាតុភាព​ផ្ទុះ​ការ​តវ៉ា​មួយ នៅ​ចំណុច​កុដិ​លេខ​១៧ នៅ​ក្នុង​បរិវេណ​វត្ត​ស្ទឹង​មាន​ជ័យ ពី​សំណាក់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ដែល​គង់នៅ​វត្ត​ខាងលើ និង​ដូនជី ព្រោះតែ​មិន​សុខចិត្ត​ចំពោះ​ព្រះសង្ឃ​នាម គឹ​ម សីលា និង​ចោទ​ថា បាន​យក​រូប​ព្រះពុទ្ធ​បដិមា ចេញពី​កុដិ​លេខ​១៧ យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្រះ ដោយ​មិនដឹង​មូលហេតុ បន្ទាប់​ពី​សង្ឃ​រូប​នេះ​ប្តូរ​ពី​កុដិ​លេខ​៤៣ មក​គង់នៅ​កុដិ​លេខ​១៧​ខាងលើ​វិញ​ដែល​ទើប​ទិញ រួច​ក៏​យក​រូប​ព្រះពុទ្ធ​បដិមា​បោះចោល​ដូច​បាន​រៀបរាប់​ខាងលើ តែ​ម្តង​ទៅ ។ ក្រោយ​ពី​បាត់​អស់​ព្រះ​បដិមា ក៏​មានការ​ចាត់ចែង​ចុះ​រាវរក​ឃើញ​មក​វិញ ។
វត្ត​ស្ទឹង​មាន​ជ័យ គឺជា​វត្ត​មួយ​មាន​ភាព​ចម្រូងចម្រាស់ តែង​ផ្ទុះ​អធិករណ៍​ជា​បន្តបន្ទាប់​រឿង​ផ្ទៃក្នុង​សង្ឃ និង​សង្ឃ គណៈកម្មការ និង​គណៈកម្មការ ដែល​បញ្ហា​នេះ​នៅ​តែ​ជា​ជំងឺ​រុំ​ា​រ៉ៃ​មួយ មិន​ទាន់​មាន​មន្ត្រី​ថ្នាក់​ណា​ចុះ​ទៅ​ព្យាបាល​ឱ្យ​ជា​សះ​បាន​ឡើយ ។ តែ​សង្ឃឹមថា នឹង​មាន​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​អប់រំ​ធម៌​វិន័យ​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ឱ្យ​កាន់​បាន​ល្អ ដើម្បី​ជា​ម្លប់​នៃ​ការ​គោរព​បូជា​ពី​ពុទ្ធបរិស័ទ ៕