សល់​19​ថ្ងៃ​ទៀត​ចូល​រោងការ​បាត់​ខ្លួន​កូនក្រមុំ

សល់​19​ថ្ងៃ​ទៀត​ចូល​រោងការ​បាត់​ខ្លួន​កូនក្រមុំ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដែល​ត្រៀម​ធ្វើ​ជា​កូនកំលោះ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បែរជា​ត្រូវ​ខកបំណង នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ បាន​កាន់​រូបថត​កូនក្រមុំ​ជា​ច្រើន​សន្លឹក​មក​ឱ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ជួយ​រក ព្រោះ​នាង​បាន​បាត់​ពី​ផ្ទះ​ជា​ច្រើន​ថ្ងៃ និង​នៅ​សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រោះ​ចូល​រោងការ​ហើយ ។
យុវជន​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​ទេវបុត្រ​បានឱ្យ​ដឹង​ថា គាត់​ឈ្មោះ សែ​ម សុធា មាន​ទីលំនៅ​ក្នុងភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ស្តីដណ្តឹង​នាង​ក្រមុំ​ម្នាក់ ឈ្មោះ ហេង សុធា​រី អាយុ​២១​ឆ្នាំ រស់នៅ​ជិត​ផ្សារ​ទឹកថ្លា ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ព្រមព្រៀង និង​ចូល​រោងការ នៅ​ថ្ងៃ​ទី​១៩ ធ្នូ ខាង​មុខ​នេះ ។ ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិកា នាង​បាន​បាត់​ចេញពីផ្ទះ ខណៈ​ពេល​នាង​បាន​យកស​ម្រាម​មួយ​ថង់​ទៅ​ចោល​នៅ​ក្រៅ​ផ្ទះ ។
យុវជន​ជា​កូនកំលោះ ដែល​រង់ចាំ​ធ្វើ​ជា​ទេវបុត្រ​រូប​នេះ មានទឹក​មុខស្ងួត​ក្រៀមក្រំ ព្រួយបារម្ភ​អំពី​វាសនា​គូ​ដណ្តឹង​នោះ​ខ្លាំង​ណាស់ ព្រោះ​គាត់​និង​នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ក៏​ស្រាប់តែ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​បែប​នេះ ហើយ​ការ​បាត់​ខ្លូ​ន​របស់​នាង លោក​ជឿជាក់​ថា នាង​មិន​មាន​ប្រុស​ឈ្មោល​ផ្សេង​ឯណា​រត់​ចោល​លោក​ទេ ព្រោះ​នាង​បាន​ស្រឡាញ់​ខ្លួន​ខ្លាំង​ណាស់ ។
យុវជន​ជា​កូនកំលោះ​បាន​បញ្ជាក់​ទៀត​ថា​បាន​សង្ស័យ​លើ​ស្ត្រី​មា្ន​ក់ អាយុប្រមាណ​៣០​ឆ្នាំ ដែល​ជា​មិត្តភក្តិ​នឹង​គូ​ដណ្តឹង​របស់​លោក ហើយ​ស្ត្រី​រូប​នោះ​បាន​លួច​ស្រឡាញ់​លោក លុះ​ពេល​ដឹង​ថា លោក​ជិត​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​ដែល​បាត់​ខ្លួន​នេះ ស្ត្រី​រូប​នោះ​បាន​បោះពាក្យ​សម្ដី​ដៀមដាម​ជា​ច្រើន​លើក​ច្រើន​សា​ប្រាប់​អ្នក​ជិតខាង​ថា នឹង​ធ្វើ​យ៉ាងណា​មិន​ឱ្យ​២​នាក់​នេះ​បាន​រៀប​ការ​នឹង​គ្នា​ជា​ដាច់ខាត ។ មិន​ត្រឹម​ប៉ុណ្ណឹង ស្ត្រី​រូប​នោះ​បាន​ប្រាប់​ប្រធាន​ភូមិ​នៅ​ស្រុក​កំណើត​របស់​គូ​ដណ្តឹង​លោក​ឱ្យ​ប្រធាន​ភូមិ​ផ្អាក​ពិធី​រៀប​មង្គលការ​នេះ​ទៀត​ផង ។ ទោះ​យ៉ាងណា​ក៏​ដោយ​នេះ ជា​ការ​សង្ស័យ​របស់​លោក​តែ​ប៉ុណ្ណោះ ។
យុវជន​ខាងលើ ក៏​ដូច​ជា​ក្រុម​គ្រួសារ សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន និង​សមត្ថកិច្ច​គ្រប់​ទីកន្លែង សូម​មេត្តា​ជួយ​រក​នាង​ជា​កូនក្រមុំ ដែល​មាន​ដូច​ក្នុង​រូបថត​ជាប់​មក​ជាមួយ​នេះ បើ​បានឃើញ​សូម​ផ្តល់​ដំណឹង​តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៩១២ ២៣៨ / ០៨៧ ៨៩៣ ១៨២ ។ ម្យ៉ាងវិញទៀត សូម​អំពាវនាវ​ដល់​កូនក្រមុំ​ដែល​បាត់​ខ្លួន បើ​បានដឹង​ហើយ​សូម​មេ​ត្ត​ប្រញាប់​មក​ផ្ទះ​វិញ​ផង ព្រោះ​ក្រុម​គ្រួសារ​កំពុង​តែ​ទន្ទឹងរង់ចាំ ហើយ​បើ​មិន​បាន​មក​ទេ ក៏​គួរ​ទូរ​សព្ទ័​មក​ប្រាប់​ផង កុំឱ្យ​គ្រួសារ​ទន្ទឹងរង់ចាំ ៕