របប​អាហារ​ល្អៗ សម្រាប់​ស្ត្រី​ពពោះ​

​មាន​ស្ត្រី​មិនតិច​ទេ​ដែល​យល់ថា «​ស្រី្ត​ពពោះ​កាន់ តែ​ឡើង​ទម្ងន់​កាន់តែ​ល្អ ព្រោះ​កូន​ក្នុង​ផ្ទៃ​នឹង​ទទួលបាន​សារធាតុ​អាហារ​គ្រប់គ្រាន់ » ដែល​ការយល់​បែបនេះ​មិន​ត្រឹមត្រូវ​ណាស់ណា​ទេ ព្រោះ​ទម្ងន់​ខ្លួន​របស់​ស្ត្រី​ពពោះ​ជាមួយនឹង​គុណភាព​នៃ​របប​អាហារ​វា​ជា​រឿង​ដាច់​ដោយ ឡែក​ពីគ្នា ដូចជា​ស្រី្ត​ពពោះ​ខ្លះ​អាចមាន​ទម្ងន់​ថយចុះ​ក្នុង​ត្រីមាស​ទីមួយ ព្រោះ​ចាញ់កូន​ខ្លាំងពេក ។ ប៉ុន្តែ​នៅពេល​ធ្វើ Ultra Sound ទើប​ដឹង​ច្បាស់​ថា កូនតូច​មាន​ទម្ងន់ ៩០០ ក្រាម ដែល​ចាត់ទុកថា​សមរម្យ​សម្រាប់​អាយុ​គភ៌ ។

នេះ​បញ្ជាក់ថា ទោះបី​ស្ត្រី​ជា​ម្តាយ​មាន​ទម្ងន់​ស្រក​ចុះ​ខ្លះ​មែន ប៉ុន្តែ​បើ​បានទទួល​សារធាតុ​អាហារ​គ្រប់គ្រាន់​នោះ កូន​ក៏​នឹងមាន​ការលូតលាស់​ពេញលេញ​ធំធាត់​ល្អ ។ ផ្ទុយទៅវិញ​ស្ត្រី​ជា​ម្តាយ​ខ្លះ​អាចមាន​ទម្ងន់​កើនឡើង​ច្រើន ដូច​ជាមុន​សម្រាល​ទម្ងន់​កើនឡើង​ដល់​ទៅ ២០ គីឡូក្រាម ប៉ុន្តែ​កូន​ដែល​កើតមក​បែរជា​ខ្លួន​តូច​មាន​ទម្ងន់​អត់​គ្រប់​ស្តង់ដារ​ទៅវិញ ព្រោះ​ទម្ងន់​ទៅ​នៅ​នឹង​ខ្លួន​ម្តាយ​អស់ ដែល​បង្ហាញ​ពីរ​បប​អាហារ​ដែល​មិន​សមរម្យ​ពោលគឺ អាច​ទទួលទាន​អាហារ​ប្រភេទ​ស្ករ ម្សៅ និង ខ្លាញ់ច្រើនពេក ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ស្រី្ត​ពពោះ​ក៏​ត្រូវតែ​គ្រប់គ្រង​ទម្ងន់​ឱ្យ​សម​មាត្រ​នឹង​ការលូតលាស់​របស់​កូន ដោយមាន តារាង​ទម្ងន់​ណែនាំ​ដូចជា អាយុ​ផ្ទៃពោះ​ត្រីមាស​ទីមួយ​ទម្ងន់​កើនឡើង​ពី ១-១៥ គីឡូ ក្រាម អាយុ​ផ្ទៃពោះ​ត្រីមាស​ទី​ពីរ​ទម្ងន់​កើនឡើង​ពី ៤-៥ គីឡូក្រាម អាយុ​ផ្ទៃពោះ​ត្រីមាស​ទី​បី​ទម្ងន់​កើនឡើង​ពី ៥-៦ គីឡូក្រាម ហើយ​កត្តា​សំខាន់​ដែល​មិន​ចាញ់​រឿង​ទម្ងន់​ខ្លួន​នោះ​គឺ​សារធាតុ​អាហារ​ដែល​ចាំបាច់​សម្រាប់​ស្ត្រី​ពពោះ​ក្នុង​កំលុង​អាយុ​ផ្ទៃពោះ​ត្រីមាស​នីមួយៗ ។​

-​ត្រីមាស​ទីមួយ ៖ ហ្វូ​ឡេ​ត​
​ស្ត្រី​ពពោះ​គួរតែ​បានទទួល​ហ្វូ​ឡេ​ត​ក្នុង​មួយថ្ងៃ ៤០០-៥០០ ម៉ៃ​ក្រូ​ក្រាម តាំង​ពីមុន​ពពោះ​រហូត​ចប់​ត្រីមាស ព្រោះ​វា​ជា​សារធាតុ​អាហារ​សំខាន់​ក្នុងការ​ចិញ្ចឹម​កោសិកា​ខួរក្បាល និង ប្រព័ន្ធ​ប្រសាទ​របស់​ទារក ។ បើ​ស្ត្រី​ពពោះ​ខ្វះ​ហ្វូ​ឡេ​ត​នេះ​គឺ​វា​អាចធ្វើឱ្យ​ទារក​ពិការ​ផ្នែក​ខួរក្បាល​បាន ។ អាហារដែលមាន​ហ្វូ​ឡេ​ត​ខ្ពស់​រួមមាន​អាហារ​ប្រភេទ​សណ្តែក ស៊ុត ថ្លើម បន្លែ​ស្លឹក​បៃតង​ជាដើម ។​

-​ត្រីមាស​ទី​ពីរ ៖ ធាតុដែក
​ក្នុង​កំលុង​ត្រីមាស​នេះ​ទារក​ក្នុង​ផ្ទៃ​នឹងមាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​រាងកាយ​រប​ស់​ស្ត្រី​ពពោះ​ទើប​មាន​បរិមាណ​ឈាម​កើនឡើង ។ ដូច្នេះ​ធាតុដែក​គឺជា​សមាសធាតុ​សំខាន់​របស់​គ្រាប់​ឈាមក្រហម ដែល​ស្ត្រី​ពពោះ​គួរតែ​បានទទួល​មួយថ្ងៃ ៦-៧ មិ​ល្លី​ក្រាម ។ បើ​ស្ត្រី​ពពោះ​ខ្វះ​ធាតុដែក​នឹងមាន​អារម្មណ៍​អស់កម្លាំង​រហិតរហៃ ធេងធោង ខ្វះ​ឈាម ហើយ​អាច​ប៉ះពាល់​ដល់​ដំណើរ​វិ​វ​ឌ្ឍ​ខួរក្បាល​របស់​ទារក​ផងដែរ ។ សម្រាប់​អាហារ​ដែលមាន​ធាតុដែក​ខ្ពស់​រួមមាន​សាច់​ក្រហម ស៊ុត​ក្រហម ថ្លើម ធញ្ញជាតិ​ជាដើម ។​

-​ត្រីមាស​ទី​បី ៖ កាល់ស្យូម​
​អង្គ​ប្រកប​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នឹង​វិ​វ​ឌ្ឍ​រហូត​ទាល់តែ​រឹងមាំ​ក្នុងកំលុងពេល​នេះ ។ ដូច្នេះ​ស្ត្រី​ពពោះ​គួរតែ​បានទទួល​កាល់ស្យូម​ប្រមាណ​ជា ១,០០០-១,២០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ។ បើ​ស្ត្រី​ពពោះ​ខ្វះ​កាល់ស្យូម​នឹងធ្វើ​ឱ្យ​ឆ្អឹង​របស់​កូន​មិន​រឹងមាំ ហើយ​ស្ត្រី​ពពោះ​ខ្លួនឯង​ក៏​អាចមាន​អា​ការឈឺ​សាច់ដុំ ឬ កើត​ដំណើរ​កន្ត្រាក់​សាច់ដុំ រួមទាំង​ខូច​សំណុំ​ឆ្អឹង ។ សារធាតុ​អាហារ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ​កាល់ស្យូម​ដែល​បាន​ពី​ទឹកដោះគោ កូន​ត្រី​តូចៗ ល្ង និង ធញ្ញជាតិ​ផ្សេងៗ ជាដើម ។ យើង​ឃើញថា សារធាតុ​អាហារ​មួយ​មុខៗ មាន​ភាព​សំខាន់​ចំពោះ​ការវិវឌ្ឍ​របស់​ទារក​ក្នុង​ផ្នែក​នីមួយៗ​ខុសៗ​គ្នា ។ ដូច្នេះ​ស្ត្រី​ពពោះ គួរតែ​តាំងចិត្ត​ជ្រើសរើស​អាហារ​ដែលមាន​គុណ​ភាព និង គ្រប់គ្រង​បរិមាណ​ឱ្យ​សមរម្យ​ផង ។​

​ដំបូន្មាន​
​ស្ត្រី​ពពោះ​គួរតែ​បានទទួល​សារធាតុ​អាហារ​គ្រប់ ៥ ក្រុម ក្នុង​បរិមាណ​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ ។ ម្យ៉ាងទៀត​ការបែងចែក​អាហារ​ជា ៦ ពេល​តូចៗ​ប្រកបដោយ​ពេលបាយ​គោល ៣ ពេល និង អាហារសម្រន់ ៣ ពេល​ទៀត​នឹង​ជួយ​ឱ្យស្ត្រី​ពពោះ​មាន​អារម្មណ៍​ស្រួល​ពោះ និង មិន​ឃ្លាន​ខ្លាំង​ក្នុង​ចន្លោះ​ពេលបាយ និង ចន្លោះពេល​ថ្ងៃ ៕​ឆាន់ ចំ​រ៉ា​

​ ​ ​