កម្ពុជា ឈ្នះមេដាយមាសលើកដំបូង ក្នុងព្រឹត្តិការណ៍ ASEAN Para Games នៅសិង្ហបុរី

ភ្នំពេញ៖ កីឡាករ ប៊ុង ហុង បានក្លាយជាអត្តពលិកឆ្នើមរបស់កម្ពុជាមុនគេ ដែលដណ្ដើមបានមេដាយមាស ១គ្រឿងជូនប្រទេសជាតិខ្លួន នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា ASEAN Para Games លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅលើទឹកដី នៃប្រទេសសិង្ហបុរី។

នៅក្នុងការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T-46(ពិការដៃម្ខាង) កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ កីឡាករ ប៊ុង ហុង ធ្វើបានយ៉ាងល្អ រហូតដណ្ដើមបានមេដាយមាសលើកដំបូង ជូនប្រទេសជាតិខ្លួន ។ ប៉ុន្ដែមេដាយមាស ១គ្រឿងនេះ មិនបានជួយក្រុមអត្តពលិកជនពិការជម្រើសជាតិកម្ពុជា ឡើងចំណាត់ថ្នាក់ឡើយ ពោលគឺរក្សានៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាងដដែល ។

 

គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ក្រុមអត្តពលិកជនពិការជម្រើសជាតិកម្ពុជា ទើបដណ្ដើមបានមេដាយសរុបចំនួន ៧គ្រឿងប៉ុណ្ណោះ ក្នុងនោះមានមេដាយមាស១ ប្រាក់១ និងមេដាយសំរឹទ្ធ៥ ។ ប៉ុន្ដែលទ្ធផលនេះ បានជួយកម្ពុជា ឲ្យឈរលើក្រុមអត្តពលិកប្រទេសឡាវ ដែលទើបរកបានមេដាយ ៤គ្រឿង គ្មានមេដាយមាស តែឈរក្រោមក្រុមអត្ដពលិកប្រ៊ុយណេ ដែលដណ្ដើមបានមេដាយសរុប ៩គ្រឿង ក្នុងនោះក៏មានមេដាយមាស ២គ្រឿងផងដែរ។

ដោយឡែកប្រទេសដណ្ដើមបានមេដាយច្រើនជាងគេពេលនេះ បានធ្លាក់ទៅថៃហើយ បន្ទាប់ពីក្រុមអត្តពលិកជនពិការថៃ ដណ្ដើមបានមេដាយសរុប ១៨៣គ្រឿង (មាស៦០, ប្រាក់៥៨ និសំរឹទ្ធ៦៥) ឈរកំពូលតារាង រីឯក្រុមអត្តពលិកនៃប្រទេសឥណ្ឌូនេស៊ី ដែលឈរកំពូលតារាងស្ទើរចប់ការប្រកួតទៅហើយនោះ បានធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ ក្រោយរកបានមេដាយសរុប ១៥៣គ្រឿង(មាស៥៨, ប្រាក់៥១ និងសំរឹទ្ធ ៤៤) ៕