អ្នកស្លាប់​ដោយ​ពុល​សាច់​ឆ្កែ នៅ​ខេត្តក្រចេះ កើន​ដល់ ៥ នាក់ និង ៣៥ នាក់​ផ្សេងទៀត កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ខេត្តក្រចេះ: រហូតដល់​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ មាន​អ្នកស្លាប់​ដោយសារ​ពុល​សាច់​ឆ្កែ នៅ​ស្នួល ខេត្តក្រចេះ បាន​កើន​ឡើងដល់ ៥ នាក់​ហើយ​។ ភ្លាមៗ ក្រោយពី​កើតហេតុ​នៅ​ថ្ងៃទី​៦​ធ្នូ មាន​អ្នកស្លាប់ ៣ នាក់ ហើយ​នៅ​យប់​ថ្ងៃទី​៧​ធ្នូ​ម្សិលមិញ ក៏មាន​អ្នកពុល​សាច់​ឆ្កែ ២ នាក់​ទៀត បាន​ស្លាប់​។ ជាមួយគ្នា​នោះ ក៏មាន​អ្នកភូមិ​ក្មេង​ចាស់​ប្រុស​ស្រី សរុប ៣៥​នាក់​ផ្សេងទៀត ពុល​សាច់​ឆ្កែ​នោះដែរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អ្នកស្លាប់ និង​អ្នកពុល​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្នួល បញ្ជាក់ថា មូលហេតុ ដោយសារតែ​ការពុល​សាច់សត្វ​ឆ្កែ បន្ទាប់ពី​អ្នកភូមិ​ទាំងនោះ បានទទួល​ទាន​សាច់​ឆ្កែ ដែល​ត្រូវបាន​គេ​បំពុល​ឲ្យ​ងាប់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​ហេតុការណ៍ ពុល​សាច់​ឆ្កែ​ស្លាប់ និង​ដេកពេទ្យ​នោះ បានកើត​ឡើង នៅក្នុង​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៦ ខែធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល ត្រូវគេ​បំពុល​ឲ្យ​ងាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ​។ បន្ទាប់មក មាន​បុរស​អ្នកភូមិ​ចំណាស់​ម្នាក់ បាន​សុំ​ចែក​ទិញ​ឆ្កែ​នោះ ក្នុងតម្លៃ ៣៥.០០០ រៀល​។ បុរសរងគ្រោះ​នោះ បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ មក​ផ្ទះ ដើម្បី​ធ្វើ​ម្ហូប​ទទួលទាន​។ ក្រោយពី​ទទួលទាន​រួច នៅ​ល្ងាច​ថ្ងៃទី​៦​ធ្នូ បុរស​រូបនោះ ក៏បាន​ស្លាប់​។ ការស្លាប់​របស់​បុរស​រងគ្រោះ​នោះ គេ​មិនដឹងថា បណ្តាលមកពី​ពុល​សាច់​ឆ្កែ​នោះទេ​។​

​ក្រោយពី​បុរស​រូបនោះ ស្លាប់ អ្នកភូមិ​ជាច្រើន​នាក់ បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព​បុរស​នោះ ហើយ​កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់ បាន​យក​សាច់​ឆ្កែ ដែល​នៅសល់​ពី​ជនរងគ្រោះ ទៅធ្វើ​ម្ហូប​ទទួល​អ្នក​មក​កំដរ​បុណ្យ​។ ក្រោយពី​ទទួលទាន​សាច់​ឆ្កែ​នោះ​រួច នៅ​ថ្ងៃទី​៧ ខែធ្នូ ក៏មាន​ស្ត្រី ២ នាក់​ទៀត បាន​ស្លាប់​ជា​បន្តបន្ទាប់​។ រីឯ​មនុស្ស​ជាង ៣០ នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្រុក​ស្នួល​។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែល​ស្លាប់​ទាំងនោះ រួមមាន​៖ ១-​ឈ្មោះ ជា រ៉េត ភេទ ប្រុស អាយុ ៧៦ ឆ្នាំ​។ ២-​ឈ្មោះ ប្រឹង សារ៉ន ភេទ​ស្រី អាយុ ៣៥ ឆ្នាំ ៣-​ឈ្មោះ ប៊ិន ឡៃ​គេង ភេទ​ស្រី អាយុ ៥៧ ឆ្នាំ ៤-​ឈ្មោះ លិ​ន ឈាង ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ​។ ចំណែក​ម្នាក់ទៀត មិនទាន់​ស្គាល់ឈ្មោះ​៕​