ស្រវឹងស្រា​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​៣​កង់រួច​គេច​ខ្លួន​​បាត់

រាជ​ធានីភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែកផ្លូវ​បានបាក់​ខ្ចាត់ខ្ចាយ​ចំនួន​៣​កង់​រាយ​ប៉ាយ​ពេញ​ផ្លូវ ដោយសារ​​អ្នក​បើក​បរ​រថយន្ត​បើក​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​កាង​មុខ ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២ និង​ខ្ទេច​មួយ​កំណាត់​មុខ កាលពី​វេលា​ម៉ោង​១២ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី០៨ ​ធ្នូ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​2 ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

រថយន្ត​បង្ក​ម៉ាក​ម៉ែរ​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1D 5430 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ដ​មួយ​គ្រឿង​​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​បី​កង់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ខ្ទេចមួយ​កំណាត់​មុខ​ធ្លាក់​កាង​មុខ ​និង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​ពីរ ចំណែក​អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពី​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក​ដើម្បី​សង​សំណង​ថ្លៃ​ខូចខាត​ក្បាល​នាគ​ពុះ​ចែកផ្លូវ ៕