ទិញ​ឆ្កែ​ងាប់​ដោយ​គេ​បំពុល​មក​ធ្វើ​ម្ហូប​ពុល​ស្លាប់​បន្តបន្ទាប់​៥​នាក់ ​និង​ជាង៣០​នាក់​ចូល​មន្ទីរពេទ្យ

ខេត្តក្រចេះ ៖ យ៉ាង​ហោច​ណាស់​អ្នក​ភូមិ៥​នាក់​ស្លាប់ និង​មនុស្ស​ក្មេង​-​ចាស់​-​ប្រុស​-​ស្រីជាង៣០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​។ អាជ្ញាធរ​ដាក់​ការ​សង្ស័យ​ថា​បាតុភាព​នេះ បណ្តាល​មក​ពី​ពុល​សាច់​ឆ្កែ​បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនេះ​បាន​ទទួលទាន​សាច់​ឆ្កែ​ងាប់​ដោយ​ការ​បំពុល ដែល​គេ​យក​ទៅ​ធ្វើ​ម្ហូប​ក្នុង​ពិធី​បុណ្យសព​មួយ កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ។

ការ​ភ្ញាក់ផ្អើល​ជុំវិញ​បញ្ហា​នេះ កើត​មាននៅ​ថ្ងៃ​ទី​៧ ធ្នូ ក្រោយ​ពី​មាន​អ្នក​ភូមិ​ប្រុស​ស្រី​រស់នៅ​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល យ៉ាង​ហោច​ណាស់​៣​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់រហូតមកដល់ពេលនេះកើនឡើង៥នាក់ហើយ និង​មានជាង៣០​នាក់​ផ្សេង​ទៀត​ក៏​កើត​អាការ​ពុល ហើយ​មាន​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​បារម្ភ ។

ជុំវិញ​ការ​ស្លាប់​របស់​អ្នក​ភូមិ​នេះ អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​គេ​បំពុល​ឲ្យ​ងាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ ។ បន្ទាប់​មក​ម្ចាស់​ឆ្កែ​នេះ​បាន​ឲ្យ​កូន​យក​ខ្មោច​ឆ្កែ​នេះ​ទៅ​កប់​ចោល តែ​ក៏​ត្រូវ​ឈ្មោះ​ជា រ៉េ​ត ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ បាន​សុំ​ទិញ​ខ្មោច​ឆ្កែ​ដែល​ងាប់​មួយ​ក្បាល​នេះ​ក្នុង​តម្លៃ​៣៥.០០០​រៀល ​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​។ ក្រោយ​ពី​ទទួលទាន​រួច​នៅ​ល្ងាច​ថ្ងៃ​ដដែល​បុរស​នោះ​ក៏​បាន​ស្លាប់​ ប៉ុន្តែ​គេ​មិនដឹង​ថា បណ្តាល​មក​ពី​ពុល​សាច់​ឆ្កែ​នោះ​ឡើយ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បុរស​រូប​នេះ​ស្លាប់ អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព ។  នា​យប់​ថ្ងៃ​ទី​៦ ធ្នូ ស្ត្រី​ជា​អ្នក​ជិតខាង​ម្នាក់​ឈ្មោះ​ប៊ិ​ន ឡៃ​គេង អាយុ​៥៧​ឆ្នាំ បាន​យក​សាច់​ឆ្កែ​ ដែល​នៅ​សល់​ពី​ជន​រង​គ្រោះ​​ ទៅ​ធ្វើ​ម្ហូប​ទទួលទាន ​និង​ទទួល​អ្នក​មក​កំដរ​បុណ្យសព ។ លុះ​នៅ​ថ្ងៃ​ទី​៧ ធ្នូ ស្ត្រី​ជា​ចុងភៅ​ចម្អិន​សាច់​ឆ្កែ​នោះ​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់ និង​ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ប្រឹង សា​រ៉​ន អាយុ​៣៥​ឆ្នាំ ក៏​បាន​ស្លាប់ ​នៅ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្នួល​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លាប់ អ្នក​ភូមិ​ចំនួន​៣០នាក់​ផ្សេង​ទៀត​ក៏​មានអាការ​ពុល​ដែរ និង​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ ។ លោក​ឧត្តមសេនីយ៍​ស្នងការ​រង បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដាក់​ការ​សន្និដ្ឋាន​ការ​ស្លាប់ និង​ការ​រង​គ្រោះ​របស់​អ្នក​ភូមិ​បណ្ដាល​មក​ពី​បរិភោគ​សាច់​ឆ្កែ​ដែល​គេ​បំពុល សមត្ថកិច្ច​បាន​យក​សាច់​ឆ្កែ​ដែល​ចម្អិន​រួច​មួយ​ដុំ​ទៅ​ឱ្យ​កូន​ឆ្កែ​សី​ុ​ដើម្បី​ពិសោធន៍ និង​បាន
ពិនិត្យ​ឃើញ​ថា កូន​ឆ្កែ​មួយ​ក្បាល​នោះ​ក៏​ងាប់​ដែរ​។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៨ ធ្នូ នេះ​ចំនួន​អ្នក​ស្លាប់​មានចំនួន៥នាក់ហើយ ចំណែក​ចំនួន​អ្នក​រង​គ្រោះ​បាន​កើនឡើង​ដល់​ទៅ​ជាង​៣០​នាក់​ហើយ និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ក្នុង​នោះ​មាន​ម្នាក់​ធ្ងន់ ។ មុន​នេះ​ក៏​មានការ​ភ្ញាក់ផ្អើល​ពី​រឿង​ពុល​ស្រា​ដែរ ដែល​នាំ​ឱ្យ​អ្នក​ភូមិ​ស្លាប់​និង​រង​គ្រោះជា​ច្រើន​នាក់​៕