សុខ ពិសី សង្ឃឹមថា​ឆ្នាំ ២០១៦ ឡើង​ខ្លាំង​ជាង​ឆ្នាំ ២០១៥

ពេលធ្វើ​បទ​សម្ភាស​ជាមួយ «​ប្រជាប្រិយ​» តារាចម្រៀង សុខ ពិសី បាន​ប្រាប់ថា អាជីព​សិល្បៈ​របស់​នាង​នៅ​ឆ្នាំ ២០១៥ នេះ បាន​ហក់​ឡើង​ខ្លាំង​ជាង​ឆ្នាំ ២០១៤ ប្រមាណ​ជា ៣០ ភាគរយ ព្រោះ​នាង​បានទទួល​ការងារ​ច្រើនជាង​ឆ្នាំ​ចាស់ ។ ដោយឡែក​សម្រាប់​គម្រោង​ការងារ​ឆ្នាំ ២០១៦ វិញ សុខ ពិសី ក៏បាន​ប្រាប់​បន្ថែមថា កេរ្តិ៍ឈ្មោះ​របស់​នាង​នឹង​ហក់​ឡើង​មួយកម្រិត​ទៀត ព្រោះ​ឆ្នាំ​ថ្មី​ខាងមុខនេះ នាង​មាន​បទ​ចម្រៀង​ជាច្រើន​សម្រាប់​ត្រៀម​ចេញលក់ ហើយ​ក៏មាន​ស្ទីល​ប្លែកៗ ដើម្បី​ទាញយក​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ផងដែរ ។

មិនថាតែ​ទស្សនិកជន​ទេ​ដែល​មើលឃើញថា ប្រជាប្រិយភាព​របស់​តារាចម្រៀង សុខ ពិសី នៅ​ឆ្នាំ ២០១៥ បាន​ហក់​ឡើង​ជាង​ឆ្នាំ ២០១៤ សូម្បីតែ សុខ ពិសី ផ្ទាល់​ក៏បាន​ទទួលស្គាល់ថា ក្នុងឆ្នាំនេះ​នាង​បានទទួល​ការងារ​ច្រើនជាង​ឆ្នាំមុន​ផងដែរ ។ ក្នុងនោះ​នាង​ក៏បាន​បញ្ជាក់ប្រាប់​ពី​តួលេខ​ការងារ​ដែរ​ថា កាលពី​ឆ្នាំ ២០១៤ នាង​ចេញ​ច្រៀង​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ និង ថត​ស្ប៉ត​ពាណិជ្ជ​កម្មបាន​បួន​ផលិតផល ហើយ​បទ​ចម្រៀង​របស់​នាង​ចេញ​លក់បាន​ប្រមាណ​ជា​ពីរ​ទៅ​បី​បទ​ប៉ុណ្ណោះ​ក្នុង​មួយខែ ។

ដោយឡែក​នៅ​ឆ្នាំ ២០១៥ នេះ​វិញ នៅ​រដូវប្រាំង​នាង​មានការ​ងារ​ចេញ​ច្រៀង​យ៉ាងតិច​ពី​បួន​ទៅ​ប្រាំ​ដង​ក្នុង​មួយ​សប្តាហ៍ និង ថត​ស្ប៉ត​ពាណិជ្ជ​កម្មបាន​ជិត​ដប់​ផលិតផល ហើយក៏​មាន​បទ​ចម្រៀង​ចេញលក់​ពី​បួន​ទៅ​ប្រាំ​បទ​ក្នុង​មួយខែ ដូច្នេះ​បើ​ប្រៀបធៀប​តួលេខ​ការងារ​ក្នុងឆ្នាំនេះ និង ឆ្នាំ​កន្លងទៅ​គឺ​ឆ្នាំ ២០១៥ នេះ​នាង​បានទទួល​ផល​ល្អ​ជាង​ឆ្នាំ ២០១៤ ។ ជាមួយគ្នា​នឹង​ការបញ្ជាក់​ប្រាប់​ការងារ​ប្រចាំឆ្នាំ​នេះដែរ សុខ ពិសី ក៏បាន​បញ្ជាក់ទៀតថា បទ​ចម្រៀង​របស់​នាង​ល្បី​ខ្លាំងជាងគេ​នៅក្នុង​ឆ្នាំនេះ​មានដូចជា​បទ «​រៀបការ​ហើយ​មាន​ឈ្លោះ​គ្នា​ទៀត​អត់​» «​អន់ចិត្ត » និង បទ «​មនុស្ស​ស្រី​យំ មនុស្ស​ប្រុស​មិនឮ​» រួម​និង​បទ​មួយចំនួនទៀត​ផងដែរ ។

ដោយឡែក​ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម​វិញ​មានដូចជា ទឹក​ផ្លែឈើ​ឆាំ​ឆាំ ទូ​ស័ព្ទ NOKIA ម្សៅលាបមុខ PIXY ឡេ​លាប​ស្បែក OAERA ហើយក៏​នៅមាន​ស្ប៉ត​មួយចំនួនទៀត តែ​ក្រុមហ៊ុន​ទុក​ចេញផ្សាយ​នៅ​ឆ្នាំ ២០១៦ ដូច្នេះ​នាង​មិនទាន់​អាច​បញ្ចេញ​នៅពេលនេះ​បានទេ ព្រោះ​ជាប់​ក្នុងការ​ហាមឃាត់​របស់​ក្រុមហ៊ុន ។ ទន្ទឹមនឹង​ការបញ្ជាក់​ប្រាប់​ពី​ការងារ​ឆ្នាំ ២០១៥ សុខ ពិសី ក៏បាន​ប្រាប់​ពី​គម្រោង​ការងារ​នៅ​ឆ្នាំ ២០១៦ ដែរ​ថា នៅ​ឆ្នាំនេះ​ថ្វីដ្បិតតែ​ប្រជាប្រិយភាព​របស់​នាង​បាន​ហក់​ឡើង​ជាង​ឆ្នាំ​ចាស់​ក្តី តែ​ក៏​មិនទាន់​អាចបំពេញ​បំណង​របស់​នាង​ដែរ ។

ហេតុនេះ​នៅ​ឆ្នាំ ២០១៦ ជិត​ចូល​មកដល់​នេះ នាង​ក៏មាន​គម្រោង​ការងារ​ច្រើន​ទាំង​ការចេញ​ច្រៀង ក៏ដូចជា​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ផងដែរ ។ សុខ ពិសី បន្តថា ឆ្នាំ​ថ្មី​ខាងមុខនេះ​នាង​នឹង​ខិតខំ​ចំណាយ​ពេលវេលា​ផលិត​បទ​ចម្រៀង​ថ្មី ឱ្យបាន​កាន់តែ​ច្រើនជាង​ឆ្នាំ ២០១៥ ព្រោះ​ថៅកែ​ផលិតកម្ម សាន់​ដេ ក៏បាន​ជំរុញ​ឱ្យ​តារាចម្រៀង​គ្រប់រូប ចំណាយពេល​ផលិត​បទ​ចម្រៀង​ទាំង​ស៊ី​ឌី និង វីស៊ីឌី​ឱ្យបាន​ច្រើន​ទុក​សម្រាប់​ចេញលក់​ដោយ​មិន​រើសអើង​តារាចម្រៀង​ណា​នោះទេ ។ សុខ ពិសី បាន​បន្តថា នៅ​ចុងឆ្នាំ ២០១៥ នេះ នាង​បាន​ខិតខំ​ហ្វឹកហាត់​សមត្ថភាព​សិល្បៈ​បន្ថែមទៀត គឺ​ផ្តោត​សំខាន់​លើ​ការបង្កើត​ក្បាច់​រាំ និង លេង​ស្ទីល​យុវវ័យ​ប្លែកៗ​សម្រាប់​ស្វាគមន៍​ទស្សនិកជន​នៅ​ដើមឆ្នាំ ២០១៦ ខាងមុខនេះ ។

ជាក់ស្តែង​នៅពេលនេះ នាង​មាន​បទ​ចម្រៀង​ចង្វាក់​ញាក់​ចេញ​ជា​ស៊ី​ឌី​លក់​ជា​បន្តបន្ទាប់​ហើយ​ដែរ ។ នៅពេល​នាង​បញ្ចេញ​អាល់​ប៊ុ​ម​វីស៊ីឌី​បន្ថែមទៀត​នោះ នាង​ជឿជាក់ថា ទស្សនិកជន​នឹង​ចាប់អារម្មណ៍​កាន់តែខ្លាំង​មកលើ​វីដេអូ​ខារ៉ាអូខេ ដែលជា​សមិទ្ធផល​ថ្មី​របស់​នាង​ជាមិនខាន ព្រោះ​បទ​ចម្រៀង​ចង្វាក់​ញាក់​របស់​នាង​ក្រៅពី​ចង្វាក់ភ្លេង​ពីរោះ វីដេអូ​ខារ៉ាអូខេ​ក៏​ប្លែក​ផងដែរ ។ ចំណុច​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​នាង​មាន​ក្តី​រំពឹងទុក​ថា នៅ​ឆ្នាំ ២០១៦ ប្រជាប្រិយភាព​របស់​នា​ង​នឹង​ហក់​ឡើង​ខ្លាំង​ជាង​ឆ្នាំនេះ ព្រោះ​នៅពេលនេះ នាង​ក៏​ចាប់បាន​ការងារ​ច្រើន​តាំងពី​ចុងឆ្នាំ ២០១៥ ទាំង​ការចេញ​ច្រៀង និង ស្ប៉ត​ពាណិជ្ជកម្ម ។

ស្របគ្នា​នឹង​ការរំពឹងទុក​នេះដែរ ពេល​ងាក​មក​សួរនាំ​ពី​រឿង​គូស្រករ សុខ ពិសី នៅតែ​ប្រាប់ថា នៅ​ឆ្នាំនេះ​ទោះជា​នាង​មាន​អ្នក​សុំ​ស្រឡាញ់ និង សុំចូល​ស្តឹ​ដណ្តឹង​រៀបការ​ពេញ​ច្បាប់​ក្តី នាង​នៅតែ​មិនទាន់​ទទួលយក​នៅឡើយ ព្រោះ​នាង​មិនទាន់​អស់​អាល័យ​ពី​អាជីព​សិល្បៈ ហើយ​ពេលវេលា​នាង​បោះបង់​អាជីព​សិល្បៈ​ទៅ​កសាង​គ្រួសារ​នោះ យ៉ាងហោចណាស់​ក៏មាន​រយៈពេល​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ​ទៀត​ដែរ ៕ ចន្ថា​
​ ​ ​ ​
​ ​