កម្មករ​រោងចក្រ «ខន​ប្រេសហូ​ង​ឌី​ង​» ១៥០​នាក់ ដុត​កង់​ឡាន​​​តវ៉ាលក្ខ​ខណ្ឌ​ការ​ងារ​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៥ មាន​បាតុភាព​ផ្ទុះ​ការ​តវ៉ា​មួយ​រហូត​ឈាន​ដល់​ការ​ដុត​កង់​រថយន្ត​នៅ​មុខ​រោងចក្រ​ពី​សំណាក់​ក្រុម​កម្មករ​-​កម្ម​ការី​រោងចក្រ «​ខន​ប្រេស​ហូ​ង​ឌី​ង​» ចំនួន​១៥០​នាក់ ក្នុង​ចំណោម​៦១១​នាក់ ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​សុំ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ពី​ថៅកែ​រោងចក្រ​ជា​ជនជាតិ​ហុងកុង ។

លក្ខខណ្ឌ​ដែល​តវ៉ា​ទាមទារ​រួម​មាន ៖ ១-​ក្រុមហ៊ុន​ត្រូវ​ទទួលស្គាល់​កិច្ចសន្យា​របស់​កម្មករ ដែល​មាន​ថេរវេលា​លើស​ពី​២​ឆ្នាំ ជា​កិច្ចសន្យា​គ្មាន​ថេរវេលា​គ្មាន​កំណត់ ។ ២-​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់​ផ្តាច់​កិច្ចសន្យាការងារ​លើស​ពី​២​ឆ្នាំ ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ ៣-​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់​ផ្តាច់​កិច្ចសន្យា​កម្មករ​អត្តលេខ​១៣៨៧ តាម​ច្បាប់​ស្តី​ពី​ការងារ និង​៤-​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​បាយ​ថ្ងៃត្រង់​៣​ពាន់​រៀល សម្រាប់​កម្មករ​ក្នុង​ម្នាក់​ៗ​ទាំងអស់ ។

​រោងចក្រ​ខាងលើ​​ មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុង​ក្រុម​ទី​១៤ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ ចំពោះ​ការ​តវ៉ា​​នៅ​ថ្ងៃនេះ គឺជា​ការ​តវ៉ា​លើក​ទី០៨​ហើយ បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ពី​ថៅកែ រោង​ចក្រ ទើប​ក្រុម​កម្មករ​សម្រេច​ដុត​កង់​ឡាន​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។