អ្នកនាំពាក្យ ព្រឹទ្ធសភា៖ គ្មានវត្តមាន បក្សប្រឆាំង ក៏អង្គប្រជុំ ព្រឹទ្ធសភា ដំណើរការបានដែរ

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៥ បានចេញសេចក្ដីថ្លែងឆ្លើយតបទៅ នឹងសេចក្ដីថ្លែងការណ៍ របស់សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ដែលប្រកាសធ្វើពហិកា មិនចូលរួមពនិត្យសេចក្ដី ព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ថាអង្គប្រជុំព្រឹទ្ធសភានៅតែបន្តដំណើរទៅមុខជានិច្ចទោះបីជាគ្មានវត្តមានមន្រ្តីបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ទោះបីសមាជិកព្រឹទ្ធសភាទាំង ៧ រូមមកពីគណបក្សសម រង្ស៊ី ពុំបានបំពេញ កាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមប្រជុំ វិសាមញ្ញព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៥នេះក្ដី ក៏មានសមាជិកព្រឹទ្ធសភាចំនួន៤៦រូប នៃចំនួនសមជិកព្រឹទ្ធសភាសរុបចំនួន៦១ បានចូលរួមប្រជុំដែលដំណើរការដោយរលូនបានរបៀបវរៈដែលបានគ្រោងទុក”។

ប្រភពដដែលបន្ថែមថា ប្រការដែលក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី អំពាវនាវឲ្យបណ្ដាប្រទេស និងស្ថាប័នអន្តរជាតិ ជួយអន្តរាគមន៍ ដើម្បីលូកដៃ ចូលផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ គឺជាទម្លាប់មួយដែលគួរឲ្យខ្មាស់អៀន ដោយអ្នកទាំងនោះពុំបានគិតទាល់តែសោះ អំពីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា ក្រុមសមាជិកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី កាលពីព្រឹក ថ្ងៃចន្ទ ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ បានប្រកាសធ្វើពហិកាមិនចូលរួមប្រជុំ ពិនិត្យ និងឲ្យយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ ២០១៦ដោយសារតែក្រុមសមាជិកគណបក្សសម រង្ស៊ី ទាំងនោះមានការសោកស្ដាយ ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាពិភាក្សា និងអនុម័ត ជាឯកបក្ស ដោយមានចេតនានយោបាយ កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៥ នាសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥៕

អ្នកនាំពាក្យ ព្រឹទ្ធសភា៖ គ្មានវត្តមាន បក្សប្រឆាំង ក៏អង្គប្រជុំ ព្រឹទ្ធសភា ដំណើរការបានដែរ