រស់ សំអឿន ប្ដេជ្ញាជួយបឹងកេត ពេលប៉ះថៃ ក្រោយបញ្ចប់ មង្គលការខ្លួន ១ថ្ងៃ

ភ្នំពេញ៖ ជំនួបវគ្គផ្ដាច់ព្រ័ត្រ នៃពាន TOYOTA Mekong Club Championship ឆ្នាំ២០១៥ រវាងក្រុមភ្ញៀវ បឹងកេតអង្គរ និងក្រុម Buriram United របស់ថៃ នឹងធ្វើឡើងក្រោយ ១ថ្ងៃ នៃការរៀបអាពាហ៍ពិពាហ៍ របស់ខ្សែបម្រើការពារ រស់ សំអឿន ដែលជាកីឡាករស្នូល ដ៏សំខាន់របស់ក្រុមបឹងកេត ។ ទោះជាយ៉ាងនេះក្ដី ក៏គេនៅតែប្ដេជ្ញាចិត្ត ជួយក្រុមខ្លួន ដើម្បីស្វែងរកជ័យជម្នះ ក្នុងការប្រកួតដ៏សំខាន់នេះផងដែរ ។

គួរបញ្ជាក់ថា រស់ សំអឿន នឹងត្រូវចូលរោងជ័យ ជាមួយអនាគតភរិយាឈ្មោះ យូ បូណ៌មី នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ខណៈក្រុមបឹងកេតអង្គរ នឹងត្រូវតតាំងជាមួយក្រុមជើងឯក លីកកំពូលថៃ នៅថ្ងៃទី២០ ខែធ្នូដូចគ្នា ពោលគឺខុសគ្នា តែមួយថ្ងៃប៉ុណ្ណោះ ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានឲ្យដឹងថា សំអឿន ពិតជាកីឡាករល្អម្នាក់ ក្នុងចំណោម កីឡាករល្អៗ របស់ក្រុមបឹងកេត ដែលមិនអាចខ្វះបាន រាល់ការប្រកួតពិតមែន ប៉ុន្ដែរឿងរៀបអាពាហ៍ពិពាហ៍ គឺជា រឿងសំខាន់ នៅក្នុងឆាកជីវិតមនុស្ស ។ ដំបូងឡើយលោកក៏មាន ការព្រួយបារម្ភ ចំពោះការអវត្តមានរបស់ខ្សែបម្រើ ការពារនេះដែរ ប៉ុន្ដែក្រោយមកគេបានអះអាងថា នឹងមានបញ្ហាចំពោះការចូលរួមក្រុម នៅពេលប៉ះក្រុមជើងឯក លីកកំពូលថៃនោះទេ ។

គ្រូបង្វឹកវ័យ ៤០ឆ្នាំប្លាយរូបនេះ បាននិយាយថា «ឥលូវនេះខ្ញុំអត់បារម្ភរឿង រស់ សំអឿន ទេ ព្រោះគេបានអះអាង ប្រាប់ខ្ញុំហើយថា គេនឹងចូលរួមជាមួយក្រុម នៅពេលជួបក្រុម Buriram United របស់ថៃ នៅថ្ងៃទី២០ ខែធ្នូខាងមុខ នេះ ហើយគេថែមទាំងប្ដេជ្ញាខិតខំហ្វឹកហាត់រហូតដល់ថ្ងៃចូលរោងការទើបឈប់ ។ និយាយរួម គេឈប់សម្រាកតែ ២ថ្ងៃ នៅថ្ងៃរៀបការប៉ុណ្ណោះ បន្ទាប់មកគេនឹងជិះយន្ដទៅចូលរួមជាមួយក្រុមតាមក្រោយ» ។

ការប្ដេជ្ញាចិត្តបែបនេះ បានធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា សប្បាយចិត្តជាខ្លាំង ហើយថែមទាំងស្ងើចសរសេរចំពោះ ឆន្ទៈកីឡាករក្នុងក្រុមបឹងកេត ជាពិសេស រស់ សំអឿន ដែលបានចំណាយពេលវេលាដ៏មាន អត្ថន័យក្នុងជីវិត របស់ខ្លួន មកចូលរួមជាមួយមិត្តរួមក្រុម ដើម្បីស្វែងរកជ័យជម្នះជូនក្រុម និងប្រទេសជាតិកម្ពុជាទាំងមូលផងដែរ ៕

រស់ សំអឿន ប្ដេជ្ញាជួយបឹងកេត ពេលប៉ះថៃ ក្រោយបញ្ចប់ មង្គលការខ្លួន ១ថ្ងៃ

រស់ សំអឿន ប្ដេជ្ញាជួយបឹងកេត ពេលប៉ះថៃ ក្រោយបញ្ចប់ មង្គលការខ្លួន ១ថ្ងៃ

រស់ សំអឿន ប្ដេជ្ញាជួយបឹងកេត ពេលប៉ះថៃ ក្រោយបញ្ចប់ មង្គលការខ្លួន ១ថ្ងៃ