រដ្ឋសភា​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន អំពី​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨

ភ្នំពេញ: លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន គណៈប្រតិភូ​សភា​កម្ពុជា ចូលរួម​មហាសន្និបាត សភា​តំបន់​អាស៊ី លើក​ទី​៨ នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង ១១ ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ (​បន្ទប់ Kravan)​។​

​នាយកដ្ឋាន​ព័ត៌មាន នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានប្រកាសថា សន្និសីទកាសែត បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ អេ​ភី​អេ នា​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ និយាយ​អំពី តើ​សភា​តំបន់​អាស៊ី (APA) មាន​តួនាទី ភារកិច្ច​អ្វីខ្លះ​? តើ​សភា​តំបន់​អាស៊ី នឹង​ជជែក​ពីអ្វី នៅពេលដែល​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​លើក​ទី​៨ សភា​តំបន់​អាស៊ី ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នេះ​?​។​

 សូម​រម្លឹកថា រដ្ឋសភា​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​មហាសន្និបាត សភា​តំបន់​អាស៊ី APA ( The Asian Parliamentary Assembly ) លើក​ទី​៨ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សុខា និង​រ៉េស៊ីដង់​។

​មហាសន្និបាត សភា​តំបន់​អាស៊ី (APA) លើក​ទី​៨ រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៧​ធ្នូ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ ក្នុង​រាជធានី​ភ្នំពេញ នឹង​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា នៅ​តំបន់​អាស៊ី​”​។​

 រដ្ឋសភា​កម្ពុជា បានប្រកាសថា មហាសន្និបាត​សភា​តំបន់​អាស៊ី​នេះ នឹងមាន​គណៈប្រតិភូ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា នៃ​ប្រទេស​សមាជិកសភា​តំបន់​អាស៊ី យ៉ាងតិច​ចំនួន ២៣ ប្រទេស ចូលរួម ព្រមទាំង​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ និង​អង្គការ​ដៃគូ​របស់ APA មួយចំនួន​ទៀតផង​។​

​សភា​តំបន់​អាស៊ី APA ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៩ ក្នុង​គោលបំណង​លើកកម្ពស់​សន្តិភាព និង​ការធ្វើសមាហរណកម្ម នៅក្នុង​តំបន់​អាស៊ី ដោយ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធតុលាការ ការចែករំលែក និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព រួមទាំង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំង និង កាន់តែ​ជិតស្និទ្ធ នៅក្នុង​តំបន់​អាស៊ី​។​

​កាលពី​ឆ្នាំ​១៩៩៩ នៅពេល​បង្កើត​ដំបូង សភា​តំបន់​អាស៊ី APA មាន​ឈ្មោះថា សមាគម​សភា​អាស៊ី​សម្រាប់​សន្តិភាព​។ តែ​នៅ​ឆ្នាំ​២០០៦ សមាគម​នេះ បាន​ប្តូរ​មកជា សភា​តំបន់​អាស៊ី APA​។ សព្វថ្ងៃនេះ សភា​តំបន់​អាស៊ី APA មាន​សមាជិក​ចំនួន ៤២ ប្រទេស និង ១៦  ស្ថាប័ន ជា​សមាជិក​អ្នកសង្កេតការណ៍​។ ក្រៅពីនោះ ក៏មាន​អង្គការ​ជា​ដៃគូ​មួយចំនួន​ផ្សេងទៀត​៕​