គណបក្ស​សំបុក​ឃ្មុំ​របស់លោក​ម៉ម​សូណង់ដូ ធ្វើ​សមាជ រើស​ថ្នាក់ដឹកនាំ​ឡើងវិញ នៅ​ថ្ងៃទី​១២​ធ្នូ​

ភ្នំពេញ: គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ម៉ម​សូណង់ដូ បានប្រកាស​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ម៉ោង ៩ ព្រឹក ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី "​ជ្រើសរើស​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ឡើងវិញ ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ធ្វើ​វិសោធនកម្ម​គោលនយោបាយ និង​ជ្រើសរើស​ក្រុមប្រឹក្សា​ជាតិ​បន្ថែមទៀត​ឲ្យ​គ្រប់​ចំនួន ៣៥០ នាក់​។​

​លិខិតអញ្ជើញ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក​ម៉ម​សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បង្ហាញថា សមាជ​នោះ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ផ្ទះ​លេខ​២៦០B ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា សមាជ​គណបក្ស​សំបុក​ឃ្មុំ​របស់លោក​ម៉ម​សូណង់ដូ នា​ថ្ងៃទី​១២​ធ្នូ​ខាងមុខនេះ នឹងធ្វើ​ឡើង ក្រោយពី​មាន​ជម្លោះផ្ទៃក្នុង រវាង​លោក​ម៉ម​សូណង់ដូ និង​លោក ហ៊ាង​រិទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​។ ជម្លោះផ្ទៃក្នុង​នោះ ឡើងដល់​ការប្តឹង​ផ្តល់នៅ​តុលាការ​។ ប៉ុន្តែ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែវិច្ឆិកា បានសម្រេច​តម្កល់​បណ្តឹង​របស់លោក​ហ៊ាង​រិទ្ធី ដែល​ប្តឹង​ទាមទារ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​របស់លោក​ម៉ម​សូណង់ដូ​៕​

គណបក្ស​សំបុក​ឃ្មុំ​របស់លោក​ម៉ម​សូណង់ដូ ធ្វើ​សមាជ រើស​ថ្នាក់ដឹកនាំ​ឡើងវិញ នៅ​ថ្ងៃទី​១២​ធ្នូ​