​រថយន្ត​ដឹក​ដី បុក​ម៉ូតូ និង​ថយ​កិន​បុរស​ម្នាក់ ស្លាប់ ២​នាក់ របួសស្រាល​

ភ្នំពេញ: រថយន្ត​ដឹក​ដី បើក​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ៣ នាក់ ហើយ​មិន​អស់ចិត្ត បាន​រឺ​យ៉ែ​រថយន្ត​មក​បំ​បុក និង​កិន​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​២​នាក់​ទៀត បាន​ហក់​គេច​ទាន់ រួច​ពី​ស្លាប់​។

​ហេតុការណ៍​ដ៍​ឃោ​ឃៅ និង​គ្មាន​មនុស្សធម៌ ពី​សំណាក់​អ្នកបើករថយន្ត​ដឹក​ដី​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​៤០​នាទី យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី កែង​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ កុសល អាយុ​៣២​ឆ្នាំ ជាជាង​សំណង់ ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ព្រៃ​ពត ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកបើក​ម៉ូតូ​ម៉ាក ហុងដា គុប​មូល ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ​-៨៩៧២ ស​.​រ​១ ជិះ​គ្នា​៣​នាក់​។ ចំណែក​២​នាក់ បាន​រងរបួស​ស្រាល ដោយបាន​លោត​ចេញពី​ម៉ូតូ​ទាន់​។ រីឯ​រថយន្ត​ដឹក​ដី ម៉ាក​ហ៊ី​ណូ មាន​ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៧០៤៥ បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រួ​ឡាន​ម្នាក់ បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​កើតហេតុ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍ បាន​ចុះទៅ​វាស់វែង និង​នាំយក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕V​/S

​រថយន្ត​ដឹក​ដី បុក​ម៉ូតូ និង​ថយ​កិន​បុរស​ម្នាក់ ស្លាប់ ២​នាក់ របួសស្រាល​

​រថយន្ត​ដឹក​ដី បុក​ម៉ូតូ និង​ថយ​កិន​បុរស​ម្នាក់ ស្លាប់ ២​នាក់ របួសស្រាល​