រយៈពេល​ជាង​១​ម៉ោង​​​នគរបាលខេត្តផាកពិន័យរថយន្តនិង​ម៉ូតូ​បើក​​ល្មើសច្បាប់​​ចរាចរណ៍​​​៥០​គ្រឿង ​

ខេត្តកំពង់ឆ្នាំង​ ៖ ​សមត្ថកិច្ច​នគរបាលចរាចរ​ណ៏ ក្រុង ស្រុក និង​ខេត្ត ខណៈ​កំពុង​បំពេញ​កម្មសិក្សា អំពីនី​តិ​វិធីប្រតិបត្តិការ និង​ក្រមសីលធម៌ ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក ​កាល​ពី​រសៀល​ថ្ងៃ​ទី៧ ​ធ្នូ ​​២០១៥ បាន​ចុះ​​អនុវត្តជាក់ស្តែងនៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ដោយ​បាន​ផាកពិន័យ​រថយន្ត​ និង​ម៉ូតូ ​ដែល​ខុសច្បាប់​ចរាចរណ៍បាន​ចំនួន៥០​គ្រឿង ក្នុង​រយៈពេល​តែ​ជាង​១​ម៉ោងប៉ុណ្ណោះ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ណ៍ជាក់ស្តែង​​ខាង​លើ​នេះ លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ធូ ​អនុប្រធាន​នាយកដ្ឋាន​នគរ​បាលចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​​ដឹកនាំមន្ត្រី​នគរបាល​ចរាចរណ៍ទាំងអស់​ឱ្យ​​ប្រជុំជួរ ដោយ​ណែនាំ​អំពី​របៀប​រៀបចំ​ទីតាំងក្នុង​ពេល​ប្រតិបត្តិការ​​ត្រួតពិនិត្យយានយន្ត​ឆ្លងកាត់ ​ដោយ​​​រៀបចំ​កងកម្លាំង​ជា​៣​ក្រុម ​មាន​ក្រុម​ឆែកឆេរ​ឯកសារ​យានយន្ត និង​ធ្វើប័​ណ្ណផាកពិន័យ ​ក្រុម​បញ្ជាយានយន្ត​ឱ្យ​បើក​ចូល​ក្នុង​ទីតាំង​ត្រួតពិនិត្យ ​និង​ក្រុម​ទប់ស្កាត់​យាន​យន្ត ​ដែល​បើក​រត់​គេច​​ពី​ទីតាំង​ត្រួតពិនិត្យជាដើម ។

​លោក​វរសេនីយ៍ត្រី ឈឹ​ម សា​រុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានឱ្យ​​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល​ជាង​១​ម៉ោង​នេះ បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​​​ចំនួន២៧៣​គ្រឿង ​ក្នុង​នោះ​បាន​​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៥០​គ្រឿង ដែល​មាន​ម៉ូតូ២៣​គ្រឿង និង​រថយន្ត​២៧​គ្រឿង​ ។ ការ​ផាកពិន័យ​នេះ​​ដែរេ មាន​រថយន្ត​ចំនួន​២៧​គ្រឿង ​(ធុន​ស្រាល​១៣គ្រឿង និង​ធុន​ធ្ងន់​១៤​គ្រឿង) ល្មើសច្បាប់​ចរាចរណ៍​ ដូច​ជា ​ដឹក​សំពីងសំពោង ​អត់​ឈៀក  អត់លិខិត​អាជីវកម្ម ​ប័​ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត ​ប័​ណ្ណ​បើកបរ​ហួស​សុពលភាព ​រថយន្ត​អត់​ស្លាក​លេខ ​និង​រថយន្ត​របូត​ប៊ូឡុង​តា​កេ​ ។​ ដោយឡែក​ម៉ូតូ​ចំនួន​២៣​គ្រឿង ​​បើកបរ​មិន​ពាក់មួកសុ​វត្ថិ​ភាព១៣​គ្រឿង និង​គ្មាន​កញ្ចក់​​សម្រាប់​មើល​ក្រោយ​១០​គ្រឿង​ ។

​លោក​វរសេនីយ៍ត្រី ​បាន​សំណូមពរ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​ស្រុក​និង​ក្រុង​ថា ពេល​ទៅ​កាន់​អង្គភាព​វិញ​ ត្រូវ​យកចិត្តទុកដាក់ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឱ្យ​​​បាន​ទូលំទូលាយដល់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន ឱ្យ​​ពួក​​គាត់​បាន​យល់​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៦តទៅ ​រាល់​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​តាម​កំណត់​​ច្បាប់ ​គឺ​ត្រូវ​ផាក​ពិ​ន័យ​គុណ​​នឹង​​៥​ដង​ហើយ ​។ ចំណែក​មន្ត្រី​នគរ​បាល​ចរាចរណ៍​គ្រប់​ថ្នាក់ ត្រូវ​តែ​ធ្វើ​គំរូ​មុនគេ​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍ ៕​​