អាជ្ញា​ធរ​ខេត្ត​កំពត​ចុះ​ស្រង់​ទិន្ន​ន័យ​ស្រុក​២​មាន​ដី​ជួល​ឱ្យ​យួន​ធ្វើ​ស្រែ​

ខេត្ត​កំពត​ ៖ អាជ្ញា​ធរ​ខេត្ត​កំពត​បាន​ចេញ​សេចក្តី​សម្រេច​លេខ​១៥៣ស.ស.រ ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ បាន​​​បង្កើតក្រុម​ការ​ងារ​បន្ទាន់​មួយ​ចុះ​អនុវត្ត​សារា​ចរ​ស្តី​ពី​ការ​ហាម​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ​ជួល​ដី​ស្រែ​ ដី​ចំការ ឬ​ដី​លំនៅ​ឋាន​នៅ​តាម​តំបន់​ព្រំ​ដែន​ឱ្យ​ទៅ​ជន​ជាតិ​យួន​ធ្វើ​កសិកម្ម​ទេ​។

ប៉ុន្តែ​នៅ​ខេត្ត​កំពត​មាន​ស្រុក​ចំនួន​២ គឺ​ស្រុក​បន្ទាយ​មាស​ និង​ស្រុក​កំពង់​ត្រាច​ដែល​ស្រុក​ទាំង​២នេះ​មាន​ភូមិ​សាស្ត្រ​ជាប់​នឹង​ខេត្ត​គៀង​យ៉ាង​ ប្រទេស​វៀត​ណាម​ ហើយ​ក៏​មាន​ដី​ស្រែ​ច្រើន​ហិកតា​ផង​ដែរ​បាន​ជួល​ទៅ​ឱ្យ​ជន​ជាតិ​វៀត​ណាម​ធ្វើ​ស្រែ​ចំការ​ ​ក្នុង​នោះ​អាជ្ញា​ធរ​ខេត្ត​បាន​បែង​ចែក​ក្រុម​ការ​ងារ​ចំនួន​២​ក្រុម​ គឺ​ក្រុម​ទី១ មាន​លោក​នូ ច័ន្ទ​ ជា​អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ ជា​ប្រធាន​ក្រុម​ការ​ងារ​​។

តែ​ទោះ​ជា​បែប​ណា​ក្រុម​ការ​ងារ​កំពុង​ចុះ​ពិនិត្យ​ និង​ស្រង់​ទិន្ន​ន័យ​ថា តើ​ដី​ស្រែ​ប៉ុន្មាន​ហិកតា​ដែល​យួន​កំពុង​ជួល​ធ្វើ​ស្រែ​។

លោក​មួង នឿន អភិ​បាល​ស្រុក​បន្ទាយ​មាស​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ក្រុម​ការ​ងារ​ខេត្ត​រួម​និង​ស្រុក​ភូមិ​ -ឃុំ កំពុង​ចុះ​ពិនិត្យ​លើ​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​២​ឃុំ​បាន​ជួល​ដី​ទៅ​ឱ្យ​ជន​ជាតិ​វៀត​ណាម​ធ្វើ​។

លោក​មួង នឿន មិន​បាន​ប្រាប់​ថា ក្រុម​ការ​ងារ​កំពុង​តែ​ប្រមូល​ទិន្ន​ន័យ​ តែ​មិន​ទាន់​ដឹង​ថា ប៉ុន្មាន​ហិកតា​ទេ កំពុង​ចុះ​ស្រង់​ស្ថិតិ​នៅ​ឡើយ​៕