បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​ជន​ដៃដល់កាប់​រហូត​ដល់​ស្លាប់​នៅ​លើទូក

នគរបាល​បាន​និយាយថា អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ត្រូវ​​​បាន​​​ជន​​​ដៃ​​​ដល់​​​ពីរ​​​នាក់​​​ប្រដាប់​ដោយ​​​កាំបិតផ្គាក់និង​​​កាំភ្លើង​​​ខ្លី​​​កាប់​​​រហូត​​​ដល់​​​ស្លាប់​​លើទូករបស់ខ្លួន​​​​​នៅ​បឹង​​​ទន្លេ​​​សាប​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពី​​វេលា​​​ទៀប​​​​​​ភ្លឺ​​​ព្រឹក​​​ម្សិល​មិញ ។

យោង​​​តាម​​​លោក​​​ សេង ឌី នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ឆ្នុក​​​ទ្រូ​​​ បាន​​​ឲ្យ​​​ដឹង​​ថា លោក ច្រឹង​​​ យ៉ាម​​​កុង​​​អាយុ​​​៤២​​​ឆ្នាំ​​​​​​ត្រូវ​​​បាន​​​កាប់​​​បន្ទាប់​​​ពី​​ជិះ​​​ទូក​​​ប្រវែង​​​​១២ម៉ែត្រ​​​​ចេញ​​​ពី​​​ច្រាំងទៅក្នុងបឹង​​​​ស្ថិត​​​​​​ក្នុង​​​ស្រុក​​​បរិបូរណ៍​​​ជាមួយ​​​ស្ត្រី​​​ជាជំនួយ​​​ការ​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់​​​ឈ្មោះ ឡេ ធីយ៉ុង​​​។

លោកបាន​​​​​​ថ្លែង​​​ថា “​​​នៅ​​​ម៉ោង​​ប្រហែល​​​៤និង​​​៣០​​​នាទី​​​ទៀប​​​ភ្លឺ​​​ ­ខណៈ​​​ពួក​​​គេ​​​កំពុង​​​នេសាទ​​​ បុរ​​​សមិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ពីរ​​​នាក់​​​បាន​​​បើក​​​ទូក​​​របស់​​​ខ្លួន​​​​យ៉ាង​​​លឿន​​​សំដៅ​​មក​​​​ទូក​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​រូបនេះ​​​។ នៅពេល​​​ពួកគេ​​​មក​​​ដល់ បុរ​​​សម្នាក់​​​បាន​​​ដក​​​កាំភ្លើង​​​​​​ភ្ជង់​​​ក្បាល​​​ជន​​​រង​​​គ្រោះ ហើយ​​​បាន​​​បញ្ជា​​ឲ្យ​​​ពន្លត់​​​ម៉ាស៊ីន​​​ទូក​​​”។

នាយប៉ុស្តិ៍រូបនេះបាននិយាយថា ជន​​​រង​​​គ្រោះ​​​បាន​​​ធ្វើ​​​តាម​​​ ត្រង់​​​ចំណុច​​​នេះ​​​ហើយ ​​​ដែល​​​បក្ខ​​​ពួក​​​របស់​​​បុរស​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ខ្លី​​​បាន​​​លោត​​​ឡើង​​​លើ​​​​ទូក​​​​​​ប្រដាប់​​​ដោយ​​​កាំបិតផ្គាក់​​​​ ហើយ​​​បាន​​​កាប់​​ត្រូវ​​​​ដង​​​ខ្លួន​​​លោក​ ច្រឹង យ៉ាម​​​កុង​​​ ចំណែក​​​ស្ត្រី​​​ឈ្មោះ ឡេ ធី​​​យ៉ុង បាន​​​ពួន​​​នៅ​​​បាត​​​ទូក​​​។

លោក សេង ឌី បាន​​​និយាយ​​​ថា ​​​”បុរស​​​ម្នាក់​​​​ទៀត​​​បាន​​​យក​​​កាំបិត​​នេះ​​​​កាប់​​​ជន​​​រង​​​គ្រោះ​​​ជា​​​ច្រើន​​​កាំបិតគឺ​មួ​​យ​​​កាំបិត​​​ត្រូវ​​​ក្បាល ផ្នែកខាងលើ​​​​ ប្រាំកាំបិត​​​ត្រូវ​​​ក្បាល​​​ផ្នែក​​​​​​ខាង​​​ក្រោយ​​​ មួយ​​​កាបិត​​​​​ត្រូ​​​វ​​​ខ្នង​​​ និង​​​មួយ​​​កាបិត​​​ទៀត​​​ត្រូវ​​​ដៃ​​​ស្តាំ​​​។លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​បាន​​យក​​​ក្រណាត់​ចង​​​មុខ​​​​​​របស់​​ខ្លួន​ដើម្បី​​​បិទ​​​បាំង​​​អត្ត​​​សញ្ញាណ។

លោ​​​ក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​អាច​​​​​​ជាប់​​​ពាក់ព័ន្ធជម្លោះ​​​បុគ្គល​ជុំវិញ​​​ការ​​​នេសាទ​​​នៅ​​​បឹង​​​ទន្លេ​​​សាប។ ខ្ញុំ​​​គិត​​​ថា​​​ អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​មិន​ជាប់​​​ពាក់​​​ព័ន្ធ​​​ ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ទេ ពីព្រោះ​​​លោក   ច្រឹង​​​ យ៉ាម​​​កុង​​​ បានមក​​​​រស់​​​នៅ​​​ទី​​​នោះ​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

លោក​​​ ចាន់ រិទ្ធ នាយការិយាល័យ​​​​​​នគរ​​​បាល​​​ចរាចរណ៍​​​ផ្លូវ​​​ទឹក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ជនដៃ​​​ដល់​​​កំពុង​​​រត់គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នេះ​​​មិន​​​មែន​​​ជា​​​ករណី​​​ ប្លន់​​​ទេ​​​ ពីព្រោះ​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​សម្លាប់ជន​​​រង​​​គ្រោះរួច​​​​ ជន​​​សង្ស័យ​​​មិន​​​បាន​​​​​យក​​​ទ្រព្យ​​​សម្បត្តិ​​​អ្វី​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ទូក​​​មួ​​យ​​​គ្រឿង​​​ទៀត​​​របស់​​​ជន​​​រង​​​គ្រោះ​​​កំពុង​​​នេសាទ​​​នៅ​​​ក្បែរ​​​នោះ​​​ប្រហែល​​​៣​​​គីឡូម៉ែត្រ​​​ពី​​​ច្រាំង​​​ ប៉ុន្តែ​​​មិន​​​មាន​​​នរណា​​​ម្នាក់​​​នៅ​​​លើ​​​ទូក​​​ទី​​​២​​​នោះ​​​បាន​ឃើញ​​​អំពើ​​​ហិង្សា​​​នេះ​​​ឡើយ​​​។

លោក មិន វិន​​​យ៉ា ប្រធាន​​​សមាគម​​​ខ្មែរ​​​-វៀតណាម ក្នុង​​​ឃុំ​​​ឆ្នុក​​​ទ្រូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ពិបាក​​​ពន្យល់​​​អំពី​​​ការ​​​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​លោក ច្រឹង យាម​​​កុង​​​ ណាស់​​​ដែល​​​គាត់​​​មាន​​​ទូក ​​​ធំ​​​ៗ​​​ចំនួន​​​បួន​​​គ្រឿង ហើយ​​​បាន​​​ជួល​​​កម្មករ​នេសាទ​​​​​​១០​​​នាក់​​​។

លោក​​​បាន​​​ថ្លែង​​​ថា “គាត់​​​គឺជា​​​មនុស្ស​​​ល្អ​​​ហើយ​​​គ្រួសារ​​​របស់​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ​​​ពួក​​​គេ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​នរណា​​​​​​ម្នាក់​​​ឡើយ​​​ក្នុង​​​​​​សហគមន៍​​​នេះ”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំគិត​​​ថា អំពើ​​​មនុស្ស​​​ ឃាត​​​នេះ​​​មិនមែន​​​ដោយ​​​ការ​​​រើស​​​អើង​​​ទេ ​​​ពីព្រោះ​​​យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​យូរ​​​មក​​​ហើយ​​​ហើយ​​​មិន​​​ដែល​​​មាន​រឿង​​​អាក្រក់​​​ដូច​​​េនះ​​​ឡើយ​​​”៕សារុន

The post បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​ជន​ដៃដល់កាប់​រហូត​ដល់​ស្លាប់​នៅ​លើទូក appeared first on ខេមបូឌា ដេលី.