បុរសម្នាក់រកឃើញ នំខេក អាពាហ៍ពិពាហ៍ របស់ជីដូនជីតាខ្លួន ដែលសល់តាំងពី ១០០ឆ្នាំមុន

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ ៦៧ឆ្នាំម្នាក់ មានឈ្មោះថា Ronald Warninger បានរកឃើញ នំខេកអាពាហ៍ពិពាហ៍ របស់ជីដូនជីតាខ្លួន ច្រកនៅក្នុងប្រអប់នំ ដែលសល់តាំងពី ១០០ឆ្នាំមុនមកម្លេស ខណៈពេលកំពុងតែ លាងសំអាតយានដ្ឋាន នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Yakima រដ្ឋ Washington សហរដ្ឋអាមេរិក។

នំខេកអាពាហ៍ពិពាហ៍នោះ ត្រូវបានតុបតែង ដោយស្ករលាបនំពណ៌ស ដែលបានធ្វើឡើង សម្រាប់ជីដូនជីតា របស់គាត់ ឈ្មោះ Inez (ជីដូន) និង Harvey Warninger (ជីតា) ដែលបានរៀបការ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩១៥។

បុរសម្នាក់រកឃើញ នំខេក អាពាហ៍ពិពាហ៍ របស់ជីដូនជីតាខ្លួន ដែលសល់តាំងពី ១០០ឆ្នាំមុន
នំខេកអាពាហ៍ពិពាហ៍ (រូបខាងឆ្វេង) / លោកតា Harvey និងលោកយាយ Inez Warninger (រូបខាងស្តាំ)

គួរបញ្ជាក់ផងដែរថា វាគឺជាប្រពៃណីបុរាណមួយ សម្រាប់គូភរិយាថ្មីថ្មោង ក្នុងការរក្សាទុក និងការពារ នំខេកអាពាហ៍ពិពាហ៍ របស់ពួកគេ ទុកសម្រាប់ការណាត់ជួប នៅថ្ងៃក្រោយទៀត។

ទោះបីជាយ៉ាងណា លោក Ronald Warninger បានចងចាំថា គាត់ធ្លាប់បានឃើញ នំខេកអាពាហ៍ពិពាហ៍នោះ នៅក្នុងទូក្លាសេ ក្នុងផ្ទះរបស់ឪពុកម្តាយខ្លួន កាលពីអំឡុងឆ្នាំ ១៩៥០ មកម្លេស។

លោក Ronald បានប្រាប់សារព័ត៌មាន ឲ្យដឹងថា «ខ្ញុំចងចាំបានថា វាត្រូវបានខ្ចប់ នៅក្នុងផ្លាស្ទិក ដែលធ្វើពី សំណប៉ាហាំង ហើយជីដូនជីតាខ្ញុំ បានប្រាប់ខ្ញុំថា មិនឲ្យប៉ះពាល់វា ជាដាច់ខាត ប៉ុន្តែពួកគាត់ មិនដែលមាន ផែនការណាមួយ ទៅលើនំនោះទេ ហើយក៏គ្មាននរណាម្នាក់ និយាយពីនំនោះដែរ»។

បុរសម្នាក់រកឃើញ នំខេក អាពាហ៍ពិពាហ៍ របស់ជីដូនជីតាខ្លួន ដែលសល់តាំងពី ១០០ឆ្នាំមុន
ផ្លាស្ទិច ដែលធ្វើពី សំណប៉ាហាំង

យ៉ាងណាមិញ នៅក្នុងប្រអប់នំនោះ លោក Ronald ក៏បានរកឃើញ សំបុត្រមួយសន្លឹក ដែលបានសរសេរ ផ្ញើរទៅកាន់ ជីដូនរបស់លោក ដោយអ្នកសរសេរកំណាព្យនោះ មានឈ្មោះថា Nellie គឺជាមិត្តភក្តិ របស់ជីដូនលោក។

អត្ថន័យនៅក្នុងសំបុត្រ បានសរសេរថា «ផ្ញើរជូន Inez , ត្រូវចងចាំខ្ញុំផង ពេលឃ្លាតទៅឆ្ងាយ។ ត្រូវចងចាំខ្ញុំផង នៅថ្ងៃអាពាហ៍ពិពាហ៍ របស់អ្នក ហើយផ្ញើរនំឲ្យខ្ញុំ មួយដុំផង។»

បុរសម្នាក់រកឃើញ នំខេក អាពាហ៍ពិពាហ៍ របស់ជីដូនជីតាខ្លួន ដែលសល់តាំងពី ១០០ឆ្នាំមុន
សំបុត្រ ដែល Nellie សរសេរផ្ញើរជូន Inez

លោក Ronald បានបន្ថែមថា «នំខេកអាពាហ៍ពិពាហ៍នោះ ពិតជាអស្ចារ្យណាស់។ វានៅរក្សាទម្រង់ដើម បានយ៉ាងល្អឥតខ្ចោះ។ វាថែមទាំងបាន ឆ្លងកាត់សង្គ្រាមលោក ទាំង២លើក ទៀតផង»៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត