រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ មកដល់អ៊ីរ៉ាក់ និង អះអាងពីគម្រោង បញ្ជូនទាហាន ១.២០០ នាក់ ទៅកម្ចាត់ពួក ISIS

បាកដាដ៖ លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ ហ្វ្រេងក៍ វ៉លធឺ ស្ទេនមែរ បានមកដល់រដ្ឋធានី បាកដាដ របស់ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ ២០១៥ ដោយក្នុងនោះ លោក បានជួបពិភាក្សា ជាមួយសមភាគី អ៊ីរ៉ាក់ គឺលោក អ៊ីប្រាហ៊ីម អាល់ ហ្សាអាហ្វារី ដើម្បីស្វែង យល់ពីគ្នាទៅវិញទៅមក បន្ថែមទៀត លើយុទ្ធនាការប្រយុទ្ធ ប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម IS។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា ការបំពេញទស្សនកិច្ចពី មន្ត្រីជាន់ខ្ពស់នៃ រដ្ឋាភិបាលសហព័ន្ធ អាល្លឺម៉ង់ រូបនេះគឺ មិនត្រូវបានជម្រាបឲ្យដឹងពីគម្រោង ទុកជាមុននោះឡើយ ។ ដំណើរ ទស្សនកិច្ចពេលនេះ អាល្លឺម៉ង់ មានគោលដៅពីរ គឺការស្តារ ទំនាក់ទំនងឲ្យប្រសើរឡើងជាមួយអ៊ីរ៉ាក់និងការពិភាក្សា គ្នាទាក់ទងនឹងសន្តិសុខក្នុងតំបន់ ដែលនិយាយជារួម គឺអំពីប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត ដើម្បីកម្ចាត់ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ ធ្លាប់បាន លើកឡើងថា ខ្លួនគ្រោងបញ្ជូន យោធាប្រមាណ ១.២០០នាក់ ឲ្យចូលរួមជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធមិត្ត ក្នុងប្រតិបត្តិការ វាយកម្ទេចទីតាំងឈរជើងរបស់ពួក ISIS ក្នុងទឹកដីអ៊ីរ៉ាក់ និង ស៊ីរី បន្ទាប់ពីសភា អាល្លឺម៉ង់ កាលពីថ្ងៃទី០៤ ខែធ្នូ បានបោះឆ្នោត ដោយសម្លេង គាំទ្រភាគច្រើន អនុញ្ញាតឲ្យមាន ប្រតិបត្តិការប្រឆាំងពួករដ្ឋអ៊ីស្លាម នោះ៕

រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ មកដល់អ៊ីរ៉ាក់ និង អះអាងពីគម្រោង បញ្ជូនទាហាន ១.២០០ នាក់ ទៅកម្ចាត់ពួក ISIS