បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី នៅមាន​ប៉ុន្មាន​សំណុំរឿង​ទៀត​?

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា ដីកាចាប់ខ្លួន​និង​ដីកា​កោះហៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​កន្លងទៅ​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​មិនអាច​បិទបាំង​បានឡើយ​។ មានន័យថា​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដែលជា​ឧបករណ៍​របស់ខ្លួន ដើម្បី​គាបសង្កត់​ធ្វើទុក្ខបុកម្នេញ គំរាមកំហែង ទៅលើ​មេដឹកនាំ មន្ត្រីជាន់ខ្ពស់ តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​ទាក់ទង​ទៅនឹង​ដីកាចាប់ខ្លួន​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​លោក សម រង្ស៊ី លើកឡើងថា ជា​រឿង​ប្រមាថ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំពូលៗ​រួមទាំង​ព្រះមហាក្សត្រ​ផង​។ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​ចាត់ទុកថា ករណី​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក គឺជា​រឿង​កំប្លែង​នយោបាយ​។ ក្រុមអ្នកវិភាគ​នយោបាយ​បាន​យល់​ស្របតាម​ការលើកឡើង​របស់លោក សម រង្ស៊ី ព្រោះ​សំណុំរឿង​នោះ​លោក ហោ ណាំហុង ជា​អ្នក​ចាញ់ក្តី​នៅក្នុង​តុលាការ​ប្រទេស​បារាំង ប៉ុន្តែ​តុលាការ​កម្ពុជា​បែរជាយក​សំណុំរឿង​ដដែល​មក​ចាត់ការ​យ៉ាង​គួរ​ឲ្យ​អស់សំណើច​បំផុត​។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​រំលឹកថា​«​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៤ លោក​បាន​ទៅ​ចូលរួម​ពិធី​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង​មុននឹង​ចូលកាន់​តំណែង​ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​។ ពិធី​សច្ចាប្រណិធាន​នោះបាន​ធ្វើឡើង​ក្រោម​ព្រះរាជាធិបតី​នៃ​ព្រះមហាក្សត្រ ក្នុងនោះ​ក៏មាន​វត្តមាន​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន​គណៈ​ក​ម្មា​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ផងដែរ​។ ឥស្សរជន​កំពូល​ទាំងអស់នោះ ជា​តំណាង​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​វិស័យ​ទូទាំងប្រទេស​បានទទួល​ស្គាល់​លោក​ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត តាមរយៈ​ការចូលរួម​របស់​ពួកគេ​ក្នុង​ពិធី​សច្ចាប្រណិធាន​ជា​ឱឡារិក​នោះ​។ ប៉ុន្តែ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេល​តុលាការ​និង​រដ្ឋសភា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ បានចេញ​ដីកាចាប់ខ្លួន​លោក ដោយ​អះអាងថា​លោក​មិនបាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទេ ពីព្រោះ​លោក​ជា​(​ទណ្ឌិត​)​តាំងពី​យូរ​ឆ្នាំ​មកហើយ​។ កាល​ចេញ​ដីកា​ដោយ​ចោទប្រកាន់​លោក​ជា​ទណ្ឌិត​បែបនេះ គឺជា​ការអះអាង​យ៉ាង​ងងើល​ប្រមាថមើលងាយ​ឥស្សរជន​កំពូលៗ​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​សច្ចាប្រណិធាន កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៤»​។​

មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​វាយតម្លៃថា អាចមាន​បណ្ដឹង​ចោទប្រកាន់​លោក សម រង្ស៊ី ជាច្រើន​ករណី​ទៀត​ព្រោះ​គណបក្សកាន់អំណាច​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់​។ ជាក់ស្តែង​គិត​ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា មកដល់ពេលនេះ​មាន​ដីកាចាប់ខ្លួន​១​និង​ដីកា​កោះហៅ​ចំនួន​២ ដោយ​ចោទប្រកាន់​លោក សម រង្ស៊ី យ៉ាង​គឃ្លើន​បំផុត​។ ប្រការ​នេះហើយ​ដែល​សហគមន៍​អន្តរជាតិ​កំពុង​រិះគន់​និង​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​គណបក្សកាន់អំណាច កាន់តែខ្លាំង​ឡើងៗ​ព្រោះ​រាល់​បណ្ដឹង​ចោទប្រកាន់​លោក សម រង្ស៊ី គឺពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​យ៉ាងច្បាស់​ក្រឡែត​៕​

BN-LF932_cambod_J_20151113061324    ​