លោក កឹម សុខា បញ្ជាក់ថា បើ​ចង់​ផ្សះផ្សា​ជាតិ ត្រូវ​ផ្សះផ្សា​ចិត្ត​

​នៅ​ដើម​សប្តាហ៍​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានធ្វើការ​អត្ថាធិប្បាយ​ពាក្យ​ថា សន្ទនា មិនមែនជា​អ្វីមួយ​ថ្មី ឬ ចម្លែក ដែល​យើង​មិនដែល​ដឹង មិនដែល​ឮ និង មិនដែល​ធ្វើ​នោះទេ​។ លោក កឹម សុខា បាន​បន្តថា សន្ទនា បើតាម​ពាក្យ​ខ្មែរ​សាមញ្ញ គឺ​និយាយ​គ្នា ពិភាក្សាគ្នា ចរចា​គ្នា អំពី​បញ្ហា​អ្វីមួយ​ឬ​ច្រើន​ដើម្បី​ស្វែងយល់​ពីគ្នា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់​បន្តថា រីឯ​ពាក្យ​ថា  វប្បធម៌​សន្ទនា  គឺ​ការបណ្តុះ​នូវ​ការនិយាយ​គ្នា ពិភាក្សាគ្នា ឬ ចរចា​គ្នា​។ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា ការសន្ទនា​គ្នា​ដូច​ន័យ​ខាងលើនេះ បាន​ដុះដាល​រួចទៅហើយ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​សកលលោក​។ ក៏ប៉ុន្តែ​ការសន្ទនា​គ្នា ក្នុង​បរិបទ​នយោបាយ​កម្ពុជា​កន្លងមក​ជាទូទៅ​មិនបាន​ធើ្វ​ឡើង​ដោយ​សុទ្ធចិត្ត​ដែល​មិនទាន់បាន​ផ្សះផ្សា​ផ្លូវចិត្ត​នៅឡើយ​ទេ​។ ហេតុនេះហើយ​បានជា​ការសន្ទនា ឬ ការព្រមព្រៀង​គ្នា​ដែល​កើតចេញពី​ការសន្ទនា​គ្នា​នោះ មិនបាន​អនុវត្តន៍​ដោយស្មោះ​ចេញពី​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ឡើយ​។

​លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ការសន្ទនា​គ្នា ត្រូវតែ​ជាការ​ចរចា​គ្នា​ដើម្បី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​ជា​វិជ្ជមាន និង អាច​ស្ថិត​ថេរ រឹងមាំ​ទៅបាន លុះត្រាតែ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ បញ្ឈប់​ការគុំកួន សងសឹក​គ្នា ប​ពា្ឈ​ប់​ការ​ធើ្វ​ឲ្យ​ភាគី​ណាមួយ​មានការ​ឈឺចាប់ មានការ​ភ័យខ្លាច និង ជាពិសេស​បញ្ឈប់​ដាច់ខាត​នូវ​ការប្រើ​អំពើហិង្សា​តាម​គ្រប់​រូបភាព​។ ចំពោះមុខ​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សូម​អំពាវនាវ​ឲ្យ​ភាគី​ខែ្មរ​ទាំងអស់ បើក​ការសន្ទនា​នេះ​ឲ្យ​មាន​ភាពទូលំទូលាយ និង​ដោយ​ផ្តើមចេញពី​ការផ្សះផ្សា​ចិត្ត ដើម្បី​ផ្សះផ្សា​ជាតិ ។

​គួរបញ្ជាក់​ថ្មីៗ​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ក៏បាន​បញ្ជាក់ដែរថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន សុខដុមរមនា​ទាំងអស់គ្នា ទាល់​តែមាន​ឯកភាព​ជាតិ ដើម្បី​ឯកភាព​ជាតិ ទាល់តែ​គ្រប់ភាគី​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក មាន​ជំនឿ​ទុកចិត្ត​គ្នា ហើយ​ភាគី​នីមួយៗ​កុំ​ធ្វើ​ឲ្យ​ភាគី​ផ្សេង​ឈឺចាប់ ឬ ភ័យខ្លាច​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​លោក​នឹង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព សមត្ថភាព ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​មានការ​ជឿទុកចិត្ត​គ្នា​៕

12345682_1241575289193101_1466363093876785565_n