កម្ពុជានឹងប្រារព្ធ ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ធ្នូ

ភ្នំពេញ៖ ដើម្បីឲ្យជនរួមជាតិ យល់កាន់តែច្បាស់ ពីទំហំនៃផលប៉ះពាល់ បង្កឡើងដោយការ ជួញដូរមនុស្ស នៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជានឹងប្រារព្ធទិវាប្រឆាំង ការជួញដូរមនុស្សដោយមាន ការកម្មវិធីបង្ហោះ ប៉េងប៉ោង នាំសារ នៅសាលមហោស្រពកោះពេជ្រ ។

យោងតាមសេចក្តីជូនដំណឹង របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួល បាននៅថ្ងៃទី៨ធ្នូ បានឲ្យដឹងថា ទិវាប្រឆាំងការជួញដូរមនុស្សនេះ  នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រៀបចំឡើងដោយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យជនរួមជាតិ យល់ដឹងពីផលប៉ះពាល់ នៃការជួញដូរមនុស្ស និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ។

ក្នុងទិវានេះក៏បង្ហាញពីឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការបង្ក្រាប ការផ្តន្ទាទោសជនល្មើស និងការជួយជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ហើយ យុវជនកម្ពុជានឹងទទួលបានការ យល់ដឹង កាន់តែច្បាស់អំពីសកម្មភាពនិងសារ ណែនាំទាំងឡាយពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ៕