មាន១០ប្រទេសហើយដែលអះអាងពីការចូលរួម

ភ្នំពេញ:     ​ភ្នំពេញ​:​នៅសល់​មិន​ដល់ ១០​ថ្ងៃ​ទៀត​ទេ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី ១៩ នឹង​ចាប់ផ្ដើម​នៅ​កម្ពុជា ។​

​     ​លោក​សូ​ម៉ៃ សុខ​គា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា​បាន​អះអាងថា​មកទល់ពេលនេះ​បើ​គិត​ទាំង​កម្ពុជា​ដែលជា​ ម្ចាស់ផ្ទះ​ផង​នោះ​មាន​ប្រទេស​ចំនួន ១០​ហើយ​ដែល​ចូលរួម ។​

​    ​ប្រទេស​ទាំង​១០​នោះ​មាន​កម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ តៃប៉ិ ឥណ្ឌូនេស៊ី សឹង្ហ​បូរី ជប៉ុន ។​លោក​បន្តថា​ប្រទេស​ឥណ្ឌា និង ម៉ុង​ហ្គោ​លី​ក៏បាន​បញ្ជាក់​ពី​ការចូលរួម​ដែរ​តែ​ប្រទេស​ទាំង ២ នេះ​មិនទាន់​ផ្ញើ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​មក​នៅឡើយ​ទេ ។​

​    ​ក្នុងចំណោម ១០​ប្រទេស​ដែល​បញ្ជាក់​ពី​ការចូលរួម​នេះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ជាង ១២០​នាក់ ដោយ​ឡែក​កម្ពុ​ជាមាន មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​២៤​នាក់​គឺ​នារី ២​ក្រុម បុរស ២ ក្រុម និង យុវជន ២​ក្រុម​ដែល​មួយក្រុមៗ​មាន ៤​នាក់ ។​

​    ​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​ហេតុនេះ​មាន​សិទ្ធ​ដាក់​លេង ២ ក្រុម ឯ ថៃ​ដែលជា​ម្ចាស់​មេដាយមាស​កាលពី​ការប្រកួត​លើក​ទី​១៨​នៅ​ឡាវ​នោះ​ក៏មាន​ សិទ្ធ​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ចំនួន ២ ក្រុម​ដែរ ។​

​    ​លោក​អគ្គលេខាធិការរង​បន្តថា​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៧ ដល់ ១៩​ធ្នូ​នៅ​ទីលាន​ប្រកួត​ប៉េតង់​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្ដង ។ លោក​បានធ្វើការ​កត់សំគាល់​ថា​ប្រទេស​ដែ​ល​អាចជា​ឧបសគ្គ​សម្រាប់​កម្ពុជា​នោះ ​មាន​ថៃ ឡាវ​ វៀត​ណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ក៏​យើង​មិនអាច​មើលរំលង​បានដែរ ។​

​     ​កីឡាការិនី​កែ ឡេង​ដែលជា​ម្ចាស់​មេដាយមាស​ពិភពលោក​វិញ្ញាសា​វាយយក​ពិន្ទុ​នោះ​នៅតែមាន​ជំនឿ ​ចិត្ត​ក្នុង​ដណ្ដើមយក​ជោគជ័យ​ក្នុងការ​ប្រកួត​នេះដែរ ។​

​    ​គ្រូបង្វឹក ទាំង​គ្រូបង្វឹក​បុរស​-​នារី យុវជន​ព្រមទាំង​កីឡាករ​-​កីឡាការិនី​បាន​ស្ថិតនៅលើ​ទីលាន​មួយថ្ងៃ ២ ពេល​ជាប្រចាំ ។ លោក​សុខ ម៉ុង​ដែលជា​គ្រូបង្វឹក​នារី​មានប្រសាសន៍ថា​ពេលនេះ​យើង​កំពុងតែ​សម្រក់​ញើស​ នៅលើ​ទី​លាន​ហើយ​ដើម្បី​គេច​ឲ្យ​ផុតពី​ការ​សម្រក់​ទឹកភ្នែក​នៅពេល​បរាជ័យ ។​
​    ​