ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ខែវិច្ឆិកា មាន​ជាង ២សែន​នាក់ និង​ផ្តល់​ចំណូល​ជិត ៦ លាន​ដុល្លារ​

ខេត្តសៀមរាប: ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ថា នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប មាន​ចំនួន ២០០.០៨៤ នាក់​។ ចំណែក​ចំណូល​សរុប មាន​ចំនួន ៥.៨៧៥.៨០០ ដុល្លារ​។ គឺ​កើនឡើង ៥,៧១% បើ​ធៀប​នឹង​ចំណូល​កាល​ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បង្ហាញ​ពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សម្រាប់ ១១ ខែ ឆ្នាំ​២០១៥ គឺ​ភ្ញៀវទេសចរ​ទិញ​ប័ណ្ណ មាន​ចំនួន ១.៨៧៧.៤៣៧ នាក់ កើនឡើង ២,២១ % បើ​ប្រៀបធៀប​នឹង ១១ ខែ ឆ្នាំ​២០១៤​។ រីឯ​ចំណូល​ដុល មាន​ចំនួន​សរុប ៥៣.៥៥៦.៤៨០ ដុល្លារ គឺ​កើនឡើង ១,១៥% ប្រៀបធៀប​នឹង ១១ ខែ ឆ្នាំ​២០១៤​។

របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បង្ហាញថា កាលពី​ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​បរទេស​សរុប ២.០២១.៧១៥ នាក់ បាន​ទិញ​ប័ណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណែក​ចំណូល​ប្រចាំឆ្នាំ​២០១៣ មាន​ចំនួន ៥៧.៦៨៧.៦៨០ ដុល្លារ​អាមេរិក​។ រីឯ​ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ​បរទេស សរុប ២.០៥៩.៧០២ នាក់ និង​ទទួលបាន​ចំណូល ៥៩.៣៤២.០០០ ដុល្លារ​អាមេរិក​៕

ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ខែវិច្ឆិកា មាន​ជាង ២សែន​នាក់ និង​ផ្តល់​ចំណូល​ជិត ៦ លាន​ដុល្លារ​