កម្មករ​ម្នាក់​កែ​ច្នៃ​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​រង​របួសធ្ងន់ ពលរដ្ឋ​នៅ​ជុំវិញ​ភ្នំ​កំពុង​ភ័យ​ខ្លាច

ខេត្តកំពត ៖ កម្មករ​ម្នាក់​ ជា​អ្នក​កែ​ច្នៃ​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​ច្រ​លួ​ញ ស្ថិត​នៅ​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

គេ​មិនដឹង​ច្បាស់​ពី​ជន​រង​គ្រោះ​ទេ​​ដំបូង​ឡើយ តែ​គេ​បាន​និយាយ​ថា ជន​រង​គ្រោះ​ដែល​រង​របួស​ដោយសារ​ផ្ទាំង​ថ្ម​រមៀល​ត្រូវ​នោះ ទំនងជា​ស្លាប់​បាត់​ទៅ​ហើយ ក្រោយមក​ថា មិន​ស្លាប់​ទេ គ្រាន់តែ​របួសធ្ងន់​កំពុង​តែ​សង្គ្រោះ​បន្ទាន់ ។

អ្នក​ធ្លាប់​ធ្វើ​ជំនួញ​ជួញ​ថ្ម​ម្នាក់​បាន​និយាយ​ថា ក្រុមហ៊ុន​ឯកជន​បាន​ជួល​កម្មករ​ជា​ច្រើន​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​ច្រ​លួ​ញ​នោះ គឺ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ទេ បើ​តាម​ដឹង​ពួក​គេ​ធ្វើ​នំ​អត់​ម្សៅ អស់​ថ្ម​ប៉ុន្មាន ខាង​មន្ទីរ​រ៉ែ​ថាមពល​ខេត្តកំពត ជា​អ្នក​ពិនិត្យ ។ រីឯ​ពលរដ្ឋ​នៅ​ជុំវិញ​ភ្នំ​ច្រ​លួ​ញ ក៏​មានការ​ភ័យ​ខ្លាច​ផង​ដែរ ពេល​ណា​គេ​ដាក់​បំផ្ទុះ​ថ្ម​ម្តង​ៗ ផ្ទះសម្បែង​មួយ​ភាគ ត្រូវ​បាន​ទទួល​រង​ធ្លុះធ្លាយ​ព្រោះ​ដុំ​ថ្ម​បាន​ហើរ​ធ្លាក់​ឆ្ងាយ ហើយ​ពលរដ្ឋ​រស់នៅ​ភូមិ​ច្រក​ឃ្លៃ ក៏​បាន​ជម្លៀស​ចេញពី​កន្លែង​គ្រោះថ្នាក់ ។

នៅ​ភ្នំ​ច្រក​លួ​ញ​នេះ បើ​តាម​ដឹង កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​កម្ពស់​ជាង​១០០​ម៉ែត្រ ។ ឥឡូវនេះ ជិត​អស់​ភ្នំ​ហើយ អ្នក​ភូមិ​ច្រក​ឃ្លៃ​និយាយ​ថា បន្តិចទៀត​នៅ​តែ​ឈ្មោះ​ទេ តែ​ភ្នំ​រលាយ​រលត់​បាត់​អស់ហើយ នឹង​ក្លាយជា​វាលរាប ។