មនុស្ស​ពីរ​នាក់​ផឹកថ្នាំ​ពុល​ក្នុង​ថ្ងៃ​តែ​១ ម្នាក់​ច្រឡំ​ថ្នាំពុល​ថា​ទឹក​សណ្តែក និង​ម្នាក់​ទៀត​តូចចិត្ត​​ជម្ងឺមើល​មិន​ជា

ខេត្តបាត់ដំបង ៖ ​មនុស្ស​ក្មេង​ ចាស់​ ប្រុស​ ស្រី​ពីរ​នាក់​បាន​ផឹកថ្នាំ​ពុល​ក្នុង​ថ្ងៃ​តែ​មួយ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិនរួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ។

​​ករណី​ទី១ ​យុវជនម្នាក់​​តែងខ្លួន​ជា​ស្រី​ បានផឹកថ្នាំ​កណ្តុរ​អស់​ចំនួន​២​កញ្ចប់​តូច ប៉ង​ធ្វើ​អត្តឃាត ព្រោះ​តូចចិត្ត​មាន​ជម្ងឺ​ប្រចាំកាយ​មើល​មិនជា ​​ ចំណែកករណី​ទី២ ​ស្ត្រី​ចំណាស់​ម្នាក់​ផឹកថ្នាំ​ពុល​​សម្លាប់​សត្វល្អិត ច្រឡំ​ស្មានថា​ ជា​ទឹក​សណ្តែក ​​។

ហេតុការណ៍ ពុល​ថ្នាំ​ទាំង​ពីរ​​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ ថ្ងៃ​ទី​៧ ខែធ្នូ ដូច​គ្នា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​យុវជន​ដែលតែងខ្លួន​ធ្វើ​ស្រី ឈ្មោះ ញឹ​ម សុ​ភក្ត្រ ហៅ គូរ រូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កសិករ ផឹកថ្នាំ​កណ្តុរ​អស់​២​កញ្ចប់​តូច​ប៉ង​សម្លាប់​ខ្លួន រស់នៅ​ភូមិ​ទួល​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ ​

ដោយ​ឡែកស្ត្រី​វ័យ​ចំណាស់ដែល​ផឹក​ថ្នាំ​ពុលសត្វ​ល្អិត​ច្រឡំ​ស្មាន​ថា ទឹក​សណ្តែក​ ឈ្មោះ ធឹ​ម គា អាយុ​៥០​ឆ្នាំ ​រស់នៅ​ភូមិ​ស្រឡៅ​ទង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ​។

​ជុំិវញ​ករណី​ខាងលើ​នេះ ​លោកគ្រូ​ពេទ្យ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ នឹង​ជា​សះ​ស្បើយ​ដូច​ដើម​ឡើង​វិញ ព្រោះ​សំណាងល្អ ដែល​ពួក​គាត់​ផឹក​ប៉ះ​ថ្នាំពុល ដែល​អាច​បន្សាប​បាន បើសិនជា​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ ប្រភេទ​ទឹក​ខៀវ និង​ថ្នាំពុល​បាញ់​ស្មៅ​ប្រភេទ​ទឹកឃ្មុំ អ្នក​ទាំង​ពីរ​នឹង​គ្មាន​សង្ឃឹម​រស់​ឡើយ ​៕