ប្រធានធិបតី អាមេរិក និង ប្រេស៊ីល បង្ហាញការ ចង់បានដូចគ្នា ឲ្យភពផែនដី ឈប់ឡើងកម្តៅ

វ៉ាស៊ីនតោន៖ នៅក្នុងអំឡុងពេល ដែលកិច្ចពិភាក្សាស្តីពី បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងតែបន្ត ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នោះលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន ទូរស័ព្ទ ដោយផ្ទាល់ទៅកាន់ លោកស្រីប្រធានាធិបតីប្រេស៊ីល ឌីលម៉ា រួសេហ្វ ដើម្បីពិភាក្សា ស្វែងយល់ បន្ថែមអំពីកិច្ចពិភាក្សាដ៏ចម្រូងចម្រាស់នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ ២០១៥ នេះដោយដក ស្រង់សម្តីអ្នកនាំពាក្យ សេតវិមានអាមេរិកដូច្នេះថា “មេដឹកនាំទាំងពីរ បានអះអាងពីការប្តេជ្ញា ចិត្តរៀងៗខ្លួន ក្នុងជំរុញឲ្យមានការសម្រេច កិច្ចព្រមព្រៀង ស្តីពីការដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ ដែលជាប្រយោជន៍មកពីយើងធ្វើការងាររួមគ្នា ឈានទៅរកជោគជ័យ។”

គួរបញ្ជាក់ថា តំណាងប្រទេសចំនួន ១៩៥ បានចូលរួមនៅក្នុង សន្និសីទលំដាប់កំពូលរបស់ អន្តរជាតិ ប្រចាំឆ្នាំ ២០១៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីពិភាក្សារកដំណោះស្រាយ បញ្ហាដ៏ធំបំផុតរបស់ផែនដី គឺការកើនឡើងកម្តៅ ដែលបង្កឡើង ដោយការបំពុលបរិយាកាស ពីបណ្តាប្រទេសអភិវឌ្ឍន៍ធំៗនានា នៅលើសកលលោក។

នៅក្នុងនោះដែរ សន្និសីទ ទាំងមូលបានរំពឹងចំពោះសេចក្តីព្រាង ដែលកំពុងត្រូវបានរៀបចំ ឡើងរួមគ្នា អាចនឹងឈានទៅរក សេចក្តីសម្រេចជាផ្លូវការ នៅក្នុងឆ្នាំ ២០២០ ក្នុងនោះ អន្តរជាតិ ត្រូវតែចាត់វិធានការ កាត់បន្ថយការកើនឡើង សីតុណ្ហភាពផែនដី មកនៅក្រោម ពីរអង្សាសេ នៅក្នុងសម័យកាលឧស្សាហកម្មបែបនេះ។

សម្រាប់កិច្ចប្រជុំ ដែលមានរយៈពេល ១២ថ្ងៃ គឺគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រ ខាងមុខនេះ ដោយតំណាងប្រទេស ថ្នាក់រដ្ឋមន្ត្រី និមួយៗដែលមានវត្តមានចូលរួម នឹងអាចស្វែងយល់ ពីសេចក្តីព្រាង ព្រមទាំងមានសិទ្ធិបញ្ចេញមតិយោបល់បន្ថែមទៀត៕

ប្រធានធិបតី អាមេរិក និង ប្រេស៊ីល បង្ហាញការ ចង់បានដូចគ្នា ឲ្យភពផែនដី ឈប់ឡើងកម្តៅ