សង្ឃឹមថា​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​អនុវត្តន៍​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​

កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការពង្រឹង​វិធានការ​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ នៅក្នុង​សេចក្តីជូនដំណឹង​នោះបាន​លើកឡើងថា ចាប់ពី​ថ្ងៃទី​០១-០១-២០១៦​នេះ​តទៅ កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស មាន​ជាអាទិ៍​តាម​គោលដៅ​ដើមទី ចំណត​យានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍​ជញ្ជីង សាលាបង្រៀន​បើកបរ យានដ្ឋាន​ជួសជុល​កែច្នៃ​… និង​តាម​ដងផ្លូវ​នានា​ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​៨៥ អនក្រ បក និង​អនុក្រឹត្យ​លេខ​៨៦ អនក្រ បក ចំពោះ​ករណី​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិ​ជាតិ​ស្រវឹង មិន​ពាក់មួក ខ្សែក្រវាត់ ការផ្ទុក​ទំនិញ​សំពីងសំពោង យានយន្ត​មិន​គ្រប់លក្ខណៈ​។​ល។

មជ្ឈដ្ឋាន​នានា​បាន​ទទួលស្គាល់ថា វិធានការ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុងការ​ប្រកាស​ចុះ​ផាកពិន័យ​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​ចរាចរណ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៦ គឺជា​រឿង​សំខាន់បំផុត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​រក្សា​សុវត្ថិភាព ក៏ដូចជា​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​។ ក៏ប៉ុន្តែ​ជាមួយគ្នានេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរ​តាមដាន​ឲ្យ​បាន​ដិតដល់​រាល់​សកម្មភាព​របស់​ន​គ​របាល​ចរាចរណ៍​ក្នុងការ​អនុវត្ត​ច្បាប់​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​អាចមាន​នគរបាល​ចរាច​រណ៍​មួយចំនួន​ឆ្លៀតឱកាស​ប្រើប្រាស់​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាមិនខាន​។ មានន័យថា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរ​ទប់ស្កាត់​ឲ្យ​ខាងតែបាន​នូវ​ទង្វើ​មិន​ប្រក្រតី​របស់​នគរបាល​ចរាច​រណ៍ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។

មហាជន​បាន​កត់សម្គាល់ថា កន្លងមក​នៅពេល​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​អត់​កញ្ចក់ អត់​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ច្បាប់​ចរាចរណ៍​តិចតួច ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផាកពិន័យ​ដោយ​ពុំមាន​ការយោគយល់​ឡើយ ជាពិសេស​នគរ​បាលច​រាច​រណ៍​ខេត្តបាត់ដំបង ល្បីល្បាញ​បំផុត​ខាង​ប្រព្រឹត្ត​អំពើអាក្រក់​ដែល​គួរ​ត្រូវបាន​លុបបំបាត់​។ មិនតែប៉ុណ្ណោះ​ពេលខ្លះ​នគរបាល​ចរាចរណ៍​ធ្វើដំណើរ​តាម​ដងផ្លូវ​ដោយ​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ មិន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​កញ្ចក់​ដែលជា​គំរូ​មិនល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ដូច្នេះ​ដើម្បី​ឲ្យ​ការអនុវត្ត​សេចក្តីជូនដំណឹង​ស្តីពី​ការពង្រឹង​វិធានការ​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​មាន​ប្រសិទ្ធភាព​ពិតប្រាកដ គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរ​ណែនាំ​ឲ្យ​នគរបាល​ចរាចរណ៍​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ឆ្លៀតឱកាស​ប្រើប្រាស់​សេចក្តីជូនដំណឹង​និង​តួនាទី​របស់ខ្លួន ដើម្បី​ស្វែងរក​ផលប្រយោជន៍​៕

Traffic-police-PPP-ប៉ូលិសចរាចរណ៍ polic1