មជព បន្ដអនុវត្ត គោលនយោបាយ ៦ចំណុច ដើម្បីជោគជ័យ ក្នុងទិសដៅ ឆ្នាំ២០១៤-២០១៨

ភ្នំពេញ៖ លោក ជួរ រតនៈ នាយក មូលនិធិជនពិការ “មជព” នៅក្នុងសិក្ខាសាលាស្ដីពីការ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ដ នាព្រឹកថ្ងៃទី០៨នេះ បានលើកឡើងថា ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ មូលនិធិជនពិការនឹងបន្ដ អនុវត្តសកម្មភាពផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៤-២០១៨ របស់ខ្លួនចំនួន ៦ចំណុច។

លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានលើកឡើងថា ដោយមានការសហការ និងគាំទ្ររបស់ដៃគូអភិវឌ្ឍ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាសឯកជន និងសប្បុរសជននានា ដែលបានផ្ដល់ទាំងការគាំទ្រស្មារតី និងថវិកា ចំពោះមូលនិធិជនពិការ និងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា យើងទាំងអស់គ្នា  សូមប្ដេជ្ញាបន្ដអនុវត្តលើផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចបាន នូវការងារជោគជ័យចំនួន ៦ចំណុចដូចខាងក្រោម។

ចំណុចទំាង៦នោះរួមមាន ទី១.ពង្រឹងសេវាស្ដារលទ្ធភាពពលកម្មការយសម្បទា ដើម្បីលុបបំបាត់ ឬកាត់បន្ថយពិការភាព និងបង្កើនលទ្ធភាពដល់ជនពិការ ក្នុងការប្រើប្រាស់សេវាប្រកដដោយគុណភាព និងនិរន្ដភាព, ទី២.បង្កើននិងបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មី ប្រកបដោយប្រសិទ្ធភាព, ទី៣.ធ្វើនិទស្សន៍ពីនិរន្ដរភាពហិរញ្ញវត្ថុ លើកកម្ពស់តម្លាភាព និងគណនេយ្យភាព ដើម្បីសម្រេចបាននូវទស្សនវិស័យ និងអាណត្តិរបស់ខ្លួន, ទី៤.ពង្រឹងការគ្រប់គ្រង និងកសាងសមត្ថភាពមន្រ្តី និងបុគ្គលិក, ទី៥.ជំរុញការប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា និងការផ្សព្វផ្សាយ និងទី៦. លើកកម្ពស់ និងបង្កើនការរស់នៅដោយឯករាជ្យ និងការធ្វើសមាហរណកម្មទៅក្នុងសង្គម និងការចូលរួមសកម្មភាពសេដ្ឋកិច្ចរបស់ជនពិការ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៥នេះ មូនិធិជនពិការ មានអង្គការជាដៃគូអភិវឌ្ឍដូចជា៖ អង្គារ Exceed អង្គការជនពិការអន្ដរជាតិ អង្គការអតីតយុទ្ធជនអន្ដរជាតិកម្ពុជា គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ និងអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលស្ដារ លទ្ធភាពកាយសម្បទាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងរោងជាងសរុបចំនួន ១៥កន្លែង ដោយបានផ្ដល់សេវាលទ្ធភាព ពលកម្មកាយសម្បទាចំនួន ២៧,១៧៥នាក់ និងផ្ដល់អាហារូបករណ៍ ជំនួយរាងកាយសរុបចំនួន ២៨,១៥៧ និងផ្ដល់សេវា ព្យាបាលដោយចលនាចំនួន ៥៨,០០៤ដង ដោយឥតគិតថ្លៃ ព្រមទាំងបានផ្ដល់ការឧបត្ថម្ភ ជូនជនពិការនូវថ្លៃអាហារ និងធ្វើដំណើរសរុបចំនួន ១៣,០០០រៀលទៀត៕

មជព បន្ដអនុវត្ត គោលនយោបាយ ៦ចំណុច ដើម្បីជោគជ័យ ក្នុងទិសដៅ ឆ្នាំ២០១៤-២០១៨