កម្ពុជាកំពុង ប្រារព្ធសភា តំបន់អាស៊ី អេភីអេ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ

ភ្នំពេញ៖ សភាតំបន់អាស៊ី APA មានឈ្មោះពេញហៅថា «Asian Parliamentary Assembly»  បច្ចុប្បន្នកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និបាត សភាមួយ នេះ ។ ក្នុងការរៀបចំសភា តំបន់អាស៊ី APA កំពុងរៀបចំឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលជាសន្និបាតលើកទី០៨ ដោយទទួលបាន ការឯកភាពពី សម្តេចអគ្គមហាបញាចក្រី ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ  នាយករដ្ឋមន្ត្រី ។ សន្និបាតលើកទី០៨នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ បានសម្រេចយកទីតាំង នៅទីក្រុងភ្នំពេញ នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

យោងតាមរបាយការណ៍របស់ APA ដែលផ្តល់មកឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកនេះបានឲ្យដឹងថា «មហាសន្និបាតនេះធ្វើឡើងក្នុងគោលបំណង នៃការជំរុញ នូវសុខសន្តិភាព និងសមាហរណកម្ម សម្រាប់តំបន់អាស៊ីទាំងមូល ដោយផ្អែកទៅលើមូលដ្ឋាននៃប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នានូវស្ថេរភាព នៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត  សម្រាប់សភាក្នុងតំបន់អាស៊ី» ។ លើសពីនេះទៅទៀត សភានេះដែរកើតចេញពីការប្រមូលផ្តុំឆន្ទះ និងកិច្ច ខិតខំប្រឹងប្រែង នៃអ្នកអនុវត្តច្បាប់និតិបញ្ញាតិ និងសមាជិកសង្គមស៊ីវិល មួយចំនួនក្នុងតំបន់អាស៊ី ដើម្បីធ្វើការនូវសន្តិភាព ជាទូទៅ និងជាក់លាក់សម្រាប់តំបន់អាស៊ី ។

លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា «កម្ពុជាពិតជាមានកិត្តិយស ដែលបានរៀបចំសន្និបាតសភា តំបន់អាស៊ីអេភីអេលើកទី០៨នេះឡើង ក្រោមប្រធានបទ ការជម្រុញសន្តិភាព ការផ្សះផ្សា និងកិច្ចសន្ទនាក្នុងតំបន់អាស៊ី ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាក»។

ក្នុងនាមជាសមាជិកពេញសិទ្ធិ និងសកម្មក្នុងការកសាងច្បាប់ ក៏ដូចជាសកម្មភាព ប្រតិបត្តិសំខាន់ៗសម្រាប់អាស៊ី  សភានៃកម្ពុជា បានទទួលការលើកទឹកចិត្ត និង ការកត់សម្គាល់ខ្ពស់  ក្នុងការចូលរួមជាមួយសភាតំបន់អាស៊ី តាំងពីដើមរៀងមក ក្នុងនោះ សភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និបាត លើកទី២ របស់ AAPP នាឆ្នាំ២០០១។

បច្ចុប្បន្នសភា តំបន់អាស៊ីមានសមាជិកពេញសិទ្ធិទាំងអស់ចំនួន៤២ប្រទេស និង សមាជិកអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស  ហើយរៀបចំឡើងរាល់១ឆ្នាំម្តង ដោយរៀបចំនៅខែវិច្ឆិកា ឬធ្នូ ។

សូមបញ្ជាក់ផងដែរថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី៨នេះ ត្រូវបានសម្រេចដោយមហាសន្និបាតលើកទី០៧ ដែលបានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៤ នៅទីក្រុងឡាហ៍រ ប្រទេសប៉ាគីស្ថាន ដោយ លោក  ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា  បានឡើងថ្លៃងសុន្ទរកថាទទួលធ្វើជាម្ចាស់ផ្ទះសន្និបាតលើកទី០៨ តំណាងឲ្យកម្ពុជា៕

កម្ពុជាកំពុង ប្រារព្ធសភា តំបន់អាស៊ី អេភីអេ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ

កម្ពុជាកំពុង ប្រារព្ធសភា តំបន់អាស៊ី អេភីអេ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ

កម្ពុជាកំពុង ប្រារព្ធសភា តំបន់អាស៊ី អេភីអេ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ