ស្ថានទូត​បារាំង ប្រកាស​ពី​ការរីកចម្រើន​ទៅមុខ ក្នុង​សំណុំរឿង​លោក វ៉ា​លី​យេ ជនជាតិ​បារាំង ដែល​ត្រូវបាន​សម្លាប់ នៅ​ខេត្តកំពង់ស្ពឺ​

ភ្នំពេញ: ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ បានប្រកាសថា បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ថ្មី​មួយទៀត នៅ​កម្ពុជា លោកស្រី ក្លូ​ឌី​ន អង់​ហ្វ៊ូ (Claudine Enfoux) ចៅក្រម​ស៊ើបសួរ​បារាំង​ទទួលបន្ទុក​សំណុំរឿង​លោក វ៉ា​លី​យេ និង​ក្រុម​ស៊ើបអង្កេត​របស់លោក​ស្រី សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​នគរបាល និង​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ពេញទំហឹង​។

​សេចក្តីប្រកាស​របស់​ស្ថានទូត​បារាំង បន្តថា ការសាកសួរ​ចម្លើយ និង​ការផ្ទៀងផ្ទាត់ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​តុលាការ​បារាំង និង​កម្ពុជា បាន​ជួយ​អោយមាន​ការរីកចម្រើន​យ៉ាងខ្លាំង ក្នុងការ​ស៊ើបអង្កេត​សំណុំ​រឿងនេះ ជាពិសេស​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​នៅ​ប្រទេស​បារាំង​។

​សេចក្តីប្រកាស​ដដែល លើកឡើងថា ដោយសារ​ការស្លាប់​រប​ស់​គ្រួសារ​លោក​វ៉ា​លី​យេ ត្រូវបាន​សន្និដ្ឋាន​ជា​ផ្លូវការ​ថា ជា​អំពើ​ឃាតកម្ម ចាប់ពីពេលនេះ​តទៅ ការស៊ើបអង្កេត នឹង​ផ្តោតទៅលើ​បុគ្គល​មួយចំនួន ដែល​បានផ្តល់​ចម្លើយ​ខុសៗ​គ្នា​ក្នុងពេល​សាកសួរ​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ការស៊ើបអង្កេត នឹងត្រូវ​ធ្វើ​បន្ត​ប្រកបដោយ​តម្លាភាព​រវាង​ប្រទេស​ទាំងពីរ តាមរយ​:​ការវិភាគ​លើ​សំណាក​ថ្មីៗ​បន្ថែមទៀត​។ លោក ឡូ​រ៉ង់ វ៉ា​លី​យេ និង​កូនៗ​ទាំង​បួន​របស់គាត់ ត្រូវបាន​ប្រទះឃើញ​ស្លាប់ នៅក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០១២៕